សាធារណជន ហួសចិត្តចំពោះ គណៈគ្រូពេទ្យកម្ពុជា ដែលតម្រូវឲ្យ Dr. Tong លុបចោលមាតិកាអប់រំសុខភាព ចេញពីផេកឲ្យអស់!

រាជធានីភ្នំពេញ : សង្គមសីវិល និងសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បង្ហាញការសោកស្តាយ និងរិះគន់ ចំពោះណាត់ការ របស់គណៈគ្រូពេទ្យ នៃក្រសួងសុខាភិបាលកម្ពុជា ដែលបានតម្រូវឲ្យ Dr. Tong អ្នកផលិតមាតិកាអប់រំសុខភាព ដ៏មានប្រជាប្រិយមួយរូប លុបចោលរាល់មាតិកា ដែលបានបង្ហោះក្នុងផេក របស់ខ្លួន ចេញឲ្យអស់ ដ្បិតផេកនេះ គ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវពីក្រសួងសុខាភិបាលទេ។

ជាការឆ្លើយតប Dr. Tong បានយល់ព្រមលុបចោល រាល់មាតិកាអប់រំសុខាភិបាល របស់ខ្លួន ទាំងអស់ ហើយស្នើឲ្យសាធារណៈជន ស្ងប់អារម្មណ៍ នឹងសន្យាជួបគ្នានៅផេកថ្មី នាពេលខាងមុខ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃពុធនេះ បានបង្ហោះសារ ភ្ជាប់ដោយសារ រិះគន់មិនសំចៃមាត់ ហើយចាត់ទុក បម្រាម របស់គណៈគ្រូពេទ្យកម្ពុជា ដែលតម្រូវឲ្យ Dr. Tong អ្នកផលិតមាតិកាអប់រំសុខភាព ដែលពលរដ្ឋភាគច្រើន ចាត់ទុកការផលិត វីដេអូ អប់រំសុខភាព របស់គាត់ ថាមានប្រយោជន៍ ដល់ការថែរក្សាសុខភាពប្រចាំថ្ងៃនោះ ថាជារឿងដ៏ហួសចិត្តបំផុត។

លោក ឌួង វិច្ឆិកា ទណ្ឌពេទ្យ និងជាពលរដ្ឋម្នាក់ ថ្លែងហួសចិត្ត កាលបើដឹងថា គណៈគ្រូពេទ្យកម្ពុជា ទៅរមាស់ ឬរករឿង Dr. Tong ដែលបានខិតខំ ផលិតវីដេអូ អប់រំសុខភាព សម្រាប់ចែកជូនពលរដ្ឋ យកទៅអនុវត្ត ដើម្បីជាចំណែកថែរក្សាសុខភាព ទូទៅប្រចាំថ្ងៃ ដោយតម្រូវឲ្យលុបចោល ទៅវិញ?។ ពលរដ្ឋរូបនេះ ចាត់ទុកការផលិតវីដេអូអប់រំ របស់លោក ដុកទ័រ តុង ថាមានសារៈប្រយោជន៍បំផុត ខណៈផេក ផ្លូវការ របស់គណៈគ្រូពេទ្យកម្ពុជា ស្ទើរកមិនឃើញមានផលិត វីដេអូ អប់រំ អ្វីទាល់តែសោះ ដើម្បីចែកជូនពលរដ្ឋ បានស្វែងយល់នោះទេ?។

តាមលោក វិច្ឆិកា ប្រសិនបើផេកអប់រំសុខាភាព របស់ Dr. Tong មិនទាន់បំពេញបែបបទ ត្រឹមត្រូវស្របតាមការចង់បាន របស់ក្រសួងសុខាភិបាល គួរតែណែនាំឲ្យបំពេញចន្លោះខ្វះខាតនោះ ជាការស្រេច។ ហើយទៅចាំបាច់អី តម្រូវឲ្យគាត់លុបចោល មាតិកាអប់រំសុខភាព ដ៏មានសារៈសំខាន់ ដែលបានផ្សព្វផ្សាយកន្លងមកទៅវិញ?។

 

ស្រដៀងគ្នាដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ អង្គការលីកាដូ យល់ថា ក្រសួងសុខាភិបាល ឬគណៈគ្រូពេទ្យកម្ពុជា គួរត្រឹមធ្វើការណែនាំឲ្យ Dr. Tong បំពេញកង្វះខាត ដែលមិនទាន់បានបំពេញ ឲ្យស្របតាមច្បាប់ របស់ក្រសួងសុខាភិបាល។

 

អ្នកឃ្លាំមើលសង្គមរូបនេះ បន្តថា មានរឿងច្រើនគគោក ដែលគណៈគ្រូពេទ្យ ឬក្រសួងសុខាភិបាល ត្រូវចុះធ្វើការទប់ស្កាត់ ឬកែលម្អ មានដូចជា៖ ឡេលាបខ្លួន ឬថ្នាំប៉ូវសុខភាពផ្លូវភេទបុរស និងឳសថ ឬអាហារបំប៉នផ្សេងៗទៀត ដែលកំពុងផ្សព្វផ្សាយ នៅតាមបណ្តាញសង្គម យ៉ាងអនាធិបតេយ្យ និងគួរឲ្យព្រួយបារម្ភ ពីផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់..។

ចំណែក អ្នកស្រី ទូច រង្សី ជាអាជីវករម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋច្រើនទៀត រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា រាល់ថ្ងៃនេះឃើញមាន អ្នកលក់ Online, Conten Creator ឬអ្នកលក់អាហារបំប៉នជាច្រើនទៀត ដែលមិនមានជំនាញពេទ្យ បានផលិតមាតិកាចែករំលែកពី ក្បួនវេជ្ជសាស្ត្រ ដែលមិនត្រឹមត្រូវ ក្នុងបំណងបម្រើប្រយោជន៍ផ្ទាល់ខ្លួន កំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ? តើហេតុអ្វីបានជា គណៈគ្រូពេទ្យកម្ពុជា មិនចុះទៅណែនាំ ឬក៏ហាមឃាត់ការផលិត ឬចែករំលែកវីដេអូ អ្នកទាំងនោះផង..?។ បែរជាមកហាមឃាត់ គ្រូពេទ្យ ដែលមានជំនាញវិជ្ជាជីវៈ និងសុជីវធម៌ ត្រឹមត្រូវទៅវិញ?។

 

ត្រង់ចំណុចនេះ អ្នកនាង រង្សី បានបន្ថែមថា តើរាល់ថ្ងៃនេះ គណៈគ្រូពេទ្យកម្ពុជា គិតអីក្នុងខ្លួន? ដ្បិត បុគ្គល ដែលគួរហាមឃាត់ បែរមិនព្រមាន តែបែរជាមក រមាស់ រករឿងបុគ្គល ដែលមិនគួរហាមឃាត់ទៅវិញ?។

 

ជាងនេះទៀត អ្នកស្រី ក៏ស្នើឲ្យប្រធាន គណៈគ្រូពេទ្យកម្ពុជា គឺលោកវេជ្ជបណ្ឌិត ធា គ្រុយ ក៏ដូចជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវមានចំណាត់ការផងដែរ ទៅលើក្រមសិលធម៌ របស់ក្រុមគ្រូពេទ្យមួយចំនួន ដែលកំពុងបំរើការងារនៅតាមមន្ទីរពេទ្យរដ្ឋភាគច្រើន ដែលមានសម្តីគ្រោធគ្រាធ ឬគ្មានសិលធម៌ ជាមួយអ្នកជំងឺ ឬអ្នកមើលថែអ្នកជំងឺជាដើម?។

 

ទោះជាបែបនេះក្តី Dr. Tong នៅក្នុងផេកផ្លូវការ របស់លោក បានបង្ហោះសារវីដេអូ ដោយបានជូនដំណឹងទៅពលរដ្ឋ ឬសាធារណជន ដែលកំពុងប្រើប្រាស់វីដេអូ របស់គាត់ នៅតាមគេហទំព័រ របស់ខ្លួន សូមលុបវីដេអូទាំងនោះចេញឲ្យអស់។ លោក នឹងមិនទទួលខុសត្រូវ ចំពោះវីដេអូ ដែលបានបង្ហោះនៅលើគេហទំព័រណាមួយឡើយ ចាប់ពីពេលនេះតទៅ។ ហើយនៅថ្ងៃពុធនេះ Dr. Tong ក៏បានបង្ហោះវីដេអូថ្មីមួយឃ្លីបទៀត ដោយស្នើដល់ពលរដ្ឋទាំងអស់ សូមកុំយល់ច្រឡំពីបំណងល្អ របស់គណៈគ្រូពេទ្យកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា ឲ្យសោះ?។

យ៉ាងណាក៏ដោយចុះ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោកវេជ្ជបណ្ឌិត ឡឹម តារា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា ដើម្បីបំភ្លឺជុំវិញករណីខាងលើនេះ បានទេតាមទូរសព្ទ នៅថ្ងៃពុធនេះ ប៉ុន្តែយោងតាមផេកផ្លូវការ របស់គណៈគ្រូពេទ្យកម្ពុជា បង្ហាញថា ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវ:វេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌ វិជ្ជាជីវៈវេជ្ជសាស្ត្រ ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល។

គណៈគ្រូពេទ្យ បន្ថែមថា ក្រមសីលធម៌ វិជ្ជាជីវៈ អាចអនុញ្ញាត អោយអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្ត ចូលរួមផ្សព្វផ្សាយ ក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតអោយផ្សព្វផ្សាយលើកតម្កើងខ្លួនឯង ឬក្រុម របស់ខ្លួន ក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ។

ទោះជាបែបនេះក្តីងាកមក ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ក្នុងប៉ុន្មានថ្ងៃមកនេះ បានបង្ហោះសាររិះគន់បែបចំអក មិនសំចៃមាត់ ចំពោះការហាមឃាត់ របស់គណៈគ្រូពេទ្យកម្ពុជា ដែលតម្រូវឲ្យ Dr. Tong លុបចោលមាតិកាអប់រំសុខភាពទាំងអស់ ចេញពីផេកផ្លូវការ របស់គាត់ ។

ទន្ទឹមគ្នានេះ ក៏បានរិះគន់ផេកផ្លូវការ របស់គណៈគ្រូពេទ្យកម្ពុជាថា មិនឃើញមានផលិតជាវីដេអូ អប់រំសុខភាព អ្វីទាល់តែសោះ អំពីការថែមទាំសុខភាពផ្សេងៗ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ គឺទទេស្អាត ប៉ុន្តែបែរជាទៅជាន់ពន្លិច អ្នកខិតខំផលិតមាតិកា អប់រំសុខភាព ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ទៅវិញ?។ ករណីនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ស្នើឲ្យសាធារណជន ឬពលរដ្ឋ គ្រប់ៗរូបពិចារណា ចំពោះចំណាត់ការ របស់គណៈគ្រូពេទ្យ នៃក្រសួងសុខាភិបាលកម្ពុជា ពេលនេះផង ។

ក្រោយមានការផ្ទុះ តាមបណ្តាញសង្គម នៅថ្ងៃពុធ ទី៣ ខែមិថុនានេះ គណៈគ្រូពេទ្យកម្ពុជា បានចេញលិខិតស្រាយបំភ្លឺ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ អំពីករណី “បាតុភាពក្នុងបណ្តាញសង្គម លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ហៅ Dr. Tong”

មានខ្លឹមសារដូចខាងក្រោមនេះ..៖

 

អត្ថបទដែលជាប់ទាក់ទង