កម្លាំងចម្រុះខេត្តកោះកុង  ចុះ​រុះរើផ្ទះនិងតូបលក់ដូ របស់​ពលរដ្ឋជាង ៤០គ្រួសារ នៅ​តំបន់ជ្រោះដំណាក់ក្បូន ដោយ​​ចោទរស់​​នៅខុស​ច្បាប់!

ខេត្តកោះកុង ៖​ កម្លាំងចម្រុះ នៃរដ្ឋបាលខេត្តកោះកុង កាលពីព្រឹកថ្ងៃអង្គារ ទី​៥ ខែឧសភា ឆ្នាំ​២០២៦ បានចុះ​​រុះរើ​ផ្ទះ​​និងតូបលក់ដូរ របស់ប្រជាពលរដ្ឋ ជាង៤០គ្រួសារ ដែល​កំពុងរស់នៅ និង​ប្រកប​មុខរបរចិញ្ចឹមជីវិត នៅ​តំបន់ជ្រោះដំណាក់ក្បូន ស្ថិត​ក្នុង​ស្រុកមណ្ឌលសីមា ទាំងបង្ខំ និងព្រមានចាប់ខ្លួន បើពលរដ្ឋណាម្នាក់ហ៊ានចេញមុខតវ៉ា។

ទោះយ៉ាង​ណា ក្រុមប្រជា​ពលរដ្ឋ បានសំណូមពរដល់ប្រមុខដឹកនាំរដ្ឋាបាលភិបាល ឲ្យ​ជួយអន្តរាគមន៍ ឲ្យពួកគេបានលក់ដូរ នៅទីតាំងដូច​ដើមវិញ ដ្បិត​ពលរដ្ឋ រស់នៅក្នុងមូល​​ដ្ឋាននេះ មានជីវភាពក្រីក្រតោកយ៉ាក ហើយកូនចៅមិនបានចូលសាលារៀនទេ។

​​ពលរដ្ឋមួយចំនួន រស់នៅតំបន់ជ្រោះដំណាក់ក្បួន ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ​បានឲ្យដឹងថា កាល​ពីថ្ងៃអង្គារ​ កម្លាំងចម្រុះ ប្រដាប់ដោយអាវុធ នៃរដ្ឋបាលខេត្តកោះកុង បាន​ចុះរុះរើ​តូបលក់ដូរ និងផ្ទះរស់នៅ របស់​ពួកគាត់​បំផ្លាញ​ចោល​អស់​​​​​​គ្មាន​សល់។ ជាងនេះទៀត ក៏បានគម្រាមចាប់ខ្លួនពួកគាត់ដាកគុកច្រវ៉ាក់ថែមទៀត​ បើហ៊ាន​ចេញមុខតវ៉ា ប្រឆាំងនឹងការរុះរើនេះ។

ផ្តើមពីបញ្ហានេះ ពលរដ្ឋជាច្រើនរូប​​សំណូមពរដល់ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជាពិសេសប្រមុខដឹកនាំ​រដ្ឋា​ភិបាល ឲ្យ​ជួយអន្តរាគមន៍​ស្នើសុំ​រស់នៅ និង​លក់ដូរនៅកន្លែងដើមវិញ។ ​ដ្បិតពួកគាត់គ្មានកន្លែងរស់នៅ និងគ្មានកន្លែង​ប្រកបមុខរបរ​ចិញ្ចឹម​ជីវិត​ទេ។

ក្រុមប្រជាពលរដ្ឋ បានអះអាងថា ពួកគាត់​បានមករស់នៅតំបន់ជ្រោះដំណាក់ក្បូននេះជិត ១០ឆ្នាំកន្លងមក តាំងពីតំបន់នេះ គ្មានការ​អភិវឌ្ឍន៍​ផ្លូវ និងគ្មានមនុស្សមកដល់ ដ្បិតជាតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុង រាប់សិបគីឡូម៉ែត្រឯណោះ។ ពលរដ្ឋបន្តថា លុះ​ក្រោយ​មក នៅ​ពេល​តំបន់នេះ ត្រូវបានរដ្ឋាភិបាលស្ថាបនាផ្លូវរួចរាល់ ​ទើបឃើញមានវត្តមាន មន្ត្រីបរិស្ថានចុះ​មក​ហាម​ពួក​គាត់ មិនឲ្យរស់នៅតំបន់នេះ និងចោទ​​រស់នៅខុសច្បាប់ទៅវិញ?។

​​ពលរដ្ឋមានចម្ងល់ថា នៅ​ពេល​ពួកគាត់ ចូលមករស់នៅតំបន់ជ្រោះដំណាក់ក្បូនថ្មីៗ ​​ហេតុអ្វីមិនដែលឃើញវត្តមាន ​​មន្ត្រីបរិស្ថាន ឬអាជ្ញាធរ​ពាក់ព័ន្ធ ចុះ​មក​ហាមឃាត់ពួកគាត់។ ប៉ុន្តែក្រោយពេល ប្រជា​ពលរដ្ឋពួកគាត់ បាននាំ​​គ្នាសំអាត​អនាម័យបរិស្ថានតំបន់ខាងលើនេះ មាន​អនាម័យ​ មានបរិស្ថានល្អ និងមានសោភណ្ឌភាព ហើយទាក់ទាញ ​ភ្ញៀវទេសចរ​ ​ចូ​ល​​​មក​កម្សាន្តតំបន់នេះ​ជាបន្តបន្ទាប់ ទើបលេចមុ​ខ​មន្ត្រី ឬអាជ្ញា​​ធរ ចុះមកហាម និង​បណ្តេញពួកគាត់ ឲ្យចាក់​ចេញពីតំបន់នេះ ទាំង​បង្ខំ និងគ្មាន​ដំណោះ​ស្រាយ​ទេ?។

​លោក ង៉ែត ស៊ីណាប់ មន្ត្រីសម្របសម្រួលសមាគមអាហុក ប្រចាំខេត្តកោះកុង និយាយថា ចំពោះ​​រាល់ការ​បណ្តេ​ញណាមួយទាំង​បង្ខំ និង​មាន​​​​​​ហិង្សា អាចចាត់ទុកជាការរំលោភសិទ្ធិមនុស្ស។ ហើយករណីពលរដ្ឋ ចូលមករស់នៅ​ក្នុង​​​តំបន់ជ្រោះដំណាក់ក្បូន ខាងលើនេះ អាជ្ញាធរ​​​​​​ពាក់ព័ន្ធ គួរតែ​រកដំណោះស្រាយដោយសន្តិវិធីជាមុន។​

​យ៉ាងណាក៏ដោយចុះ កម្ពុជាថ្ងៃនេះ នៅមិនទាន់អាចស្នើសុំការបំភ្លឺពី លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង ​បាន​ទេ តាមទូរស័ព្ទ នៅ​​រសៀលថ្ងៃអង្គារ ទី០៥ ខែ​ឧសភា​។ ប៉ុន្តែលោក ឈិ​ត រតនៈ អ្នកនាំពាក្យ និងជាអភិបាល ខេត្តកោះកុង បាននិយាយ​ថា អាជ្ញា​​​ធរ ក៏ធ្លាប់បានចុះទៅណែនាំ ​ប្រជាពលរដ្ឋ ដែលចូលមកសង់ផ្ទះ ឬសង់តូបលក់ដូរ នៅក្នុងតំបន់ជ្រោះដំណាក់ក្បូននេះ ឲ្យរុះ​រើផ្ទះ​ចេញពីតំបន់នេះ​​​រួច​ហើយៗ ក៏បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់​ មិនអនុញ្ញាតិឲ្យពលរដ្ឋ ចូលមករស់នៅតំបន់នេះទេ ព្រោះ​ជាតំបន់​​អភិរក្សរបស់ក្រសួងបរិស្ថាន។

​​ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់មិនទាមទារកម្មសិទ្ធិស្របច្បាប់ រស់នៅតំបន់នេះទេ ដោយគ្រាន់តែស្នើសុំរស់​នៅ​បណ្តោះ​អាសន្ន ដើម្បីប្រកបមុខរបរ​លក់ដូរម្ហូបអាហារ ជូនភ្ញៀវទេសចរ ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួច សម្រាប់ចិញ្ចឹមគ្រួសារ តែប៉ុណ្ណោះ។ ដ្បិត​​សេដ្ឋកិច្ចគ្រួសារ របស់ពលរដ្ឋពួកគាត់ជាង ៤០គ្រួសារ កំពុងជួបទះការខ្វះខាតផ្នែក​​ជីវៈភាព​រស់នៅធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង