ពលរដ្ឋជាង៤០គ្រួសាររស់នៅខេត្តកោះកុង ស្នើសុំឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ជួយអន្តរាគន៍បញ្ឈប់សកម្មភាព មន្ត្រីបរិស្ថាន កុំឲ្យរុះរើផ្ទះនិងតូបលក់ដូរ របស់ពួកគាត់ ចេញពីតំបន់ជ្រោះដំណាក់ក្បូន
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋជាង ៤០គ្រួសាររស់នៅ ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងប្រឈមនឹងការបណ្តេញចេញពីទីតាំងធ្លាប់រស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតជិត ១០ឆ្នាំ ទាំងបង្ខំ។
ផ្តើមពីបញ្ហានេះ ពួកគាត់ បានអំពាវនាវសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ សុំរស់នៅនិងលក់ដូរកន្លែងដើមវិញ ដ្បិតពួកគាត់ មិនមានដីសង់ផ្ទះ ឬទីតាំងផ្សេង ដើម្បីប្រកបរបរចិញ្ចឹមជីវិតឡើយ។
ប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា ស្ថិតក្នុងចំណោមពលរដ្ឋ ជាង ៤០គ្រួសារ ដែលកំពុងរស់នៅតំបន់ជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បង្ហាញការព្រួយបារម្ភ ពីការបាត់បង់ដីលំនៅឋាន និងទីតាំងធ្វើអាជីវកម្ម ដែលពួកគាត់អះអាងថា បានរមករស់នៅតំបន់នេះជិត ១០មកកន្លងមកហើយ។ ហើយពេលនេះ ត្រូវមន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង ដាក់ឱសានវាទឲ្យផ្ទះរស់នៅ និងខ្ចុះលក់ដូរ របស់ខ្លួន ចេញពីទីតាំងនេះ ឲ្យអស់ជាស្ថាពរត្រឹមថ្ងៃទី០៥ ខែឧសភានេះ។
អ្នកស្រី នាក់ វណ្ណី ដែលអះអាងថា ជាពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋជាង ៤០គ្រួសារ ដែលមានផ្ទះឬខ្ចុះលក់ដូរ នៅតំបន់ជ្រោះដំណាក់ក្បូន បានសំណូមពរដល់ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ជាពិសេ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយអន្តរាគមន៍ឲ្យពួកគាត់ អាចបង្កើតសហគមន៍ និងរស់នៅប្រកបរបរលក់ដូរអាហារចំណីផ្សេងៗ ជូនភ្ញៀវទេសចរ សម្រាប់ចិញ្ចឹមជីវិតដោយគ្មានការបណ្តេញចេញ។
អ្នកស្រីបន្តថា ពលរដ្ឋពួកគាត់ ត្រូវបានមន្ត្រីមន្ទីរបរិស្ថានខេត្តកោះកុង មកបង្ខំឲ្យចាកចេញពីទីតាំងនេះ ចំនួន៣ដងមកហើយ។ ខណៈពួកគាត់ បានមករស់នៅតំបន់ជ្រោះដំណាក់ក្បួននេះ តាំងពីមានត្រឹមផ្លូវធ្វើដំណើរ និងមិនមានបរិស្ថានអនាម័យល្អដូចពេលនេះ ហើយក្រោយមក ពលរដ្ឋពួកគាត់ ក៏នាំគ្នាសំអាតបរិស្ថាន សង់ផ្ទះរស់នៅ ដាំដុះ និងសង់ជាខ្ចុះតូចៗ សម្រាប់លក់ម្ហូងអាហារ និងទទួលស្វាគមន៍ភ្ញៀវទេសចរ បន្ទាប់ពីរដ្ឋាភិបាល បានអភិវឌ្ឍផ្លវតំបន់នេះរួចមក។
អ្នកស្រី បន្តថា ពលរដ្ឋឬអាជីវករពួកគាត់ មិនយកដីតំបន់នេះជាកម្មសិទ្ធិស្របច្បាប់ទេ ដោយគ្រាន់តែសុំរស់នៅធ្វើរោង ឬខ្ចុះ សម្រាប់លក់ដូរម្ហូបអាហារជូនភ្ញៀវទេសចរ សម្រាប់រកប្រាក់ចំណូលចិញ្ចឹមគ្រួសារប្រចាំថ្ងៃតែប៉ុណ្ណោះ ដ្បិតពួកគាត់ មិនមានដីសង់ផ្ទះរស់នៅទេ។


ស្រដៀងគ្នាដែរ សម្រាប់អ្នកស្រី ស៊ីម ស្រីពៅ ក៏ជាពលរដ្ឋម្នាក់ទៀត រស់នៅតំបន់ជ្រោះដំណាក់ក្បូន ឲ្យដឹងថា ពេលតំបន់នេះ មិនទាន់មានការអភិវឌ្ឍន៍ផ្លូវចូលមកតំបន់នេះ គឺពលរដ្ឋពួកគាត់ បានដាំដុះដំណាំ បន្លែ ឬផ្លែឈើហូបផ្លែផ្សេងៗ សម្រាប់រួមផ្សំចិញ្ចឹមជីវិត។ ប៉ុន្តែក្រោយអភិវឌ្ឍន៍ផ្លូវរួច ហើយពួកគាត់ បានសំអាតបរិស្ថានបានស្អាត និងបង្កើតមុខរបរលក់ដូរបន្តិចបន្តួច សម្រាប់រកប្រាក់ចំណូល ទើបឃើញវត្តមាន មន្ត្រីមន្ទីរបរិស្ថាន ចូលមកបណ្តេញ និងកាប់បំផ្លាញដំណាំពួកគាត់ ឲ្យចេញពីតំបន់នេះទៅវិញ?។
អ្នកស្រី ស្នើសុំដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជួយឲ្យពួកគាត់បានរស់នៅ និងប្រកបអាជីវកម្មលក់ដូរម្ហូបអាហារ នៅតំបន់នេះដូចដើមវិញ ព្រោះពួកគាត់ គ្មានដីសង់លំនៅឋានរស់នៅនោះទេ។ ជាងនេះទៀត កូនចៅ របស់ពួកគាត់ ក៏មិនបានចូលសាលារៀនដែរ ដោយសារតែមានជីវភាពខ្វះខាត។
ពលរដ្ឋបន្តថា ពេលពួកគាត់ ចូលមករស់នៅតំបន់ជ្រោះដំណាក់ក្បូនថ្មីៗ មិនឃើញវត្តមាន របស់មន្ត្រីបរិស្ថាន ឬអាជ្ញាធរពាក់ព័ន្ធ ចុះមកហាមឃាត់ទេ។ ប៉ុន្តែក្រោយ ពលរដ្ឋពួកគាត់ បាននាំគ្នាសំអាតអនាម័យបរិស្ថានតំបន់នេះបានស្អាត សម្រាប់លក់ដូរម្ហូបអាហារ ជូនភ្ញៀវចូលមកកម្សាន្តតំបន់នេះមានចំនួនច្រើន ទើបលេចមុខមន្ត្រីអាជ្ញាធរ ចុះមកបណ្តេញពួកគាត់ ឲ្យចាក់ចេញពីទីតាំងនេះ ទាំងគ្មានដំណោះស្រាយទៅវិញ?។


ទាក់ទិនបញ្ហានេះដែរ លោក ង៉ែត ស៊ីណាប់ មន្ត្រីសម្របសម្រួលសមាគមអាហុក ប្រចាំខេត្តកោះកុង ស្នើឲ្យអាជ្ញាធរស្ថាប័នជំនាញពាក់ព័ន្ធ រកដំណោះស្រាយជូនពលរដ្ឋ ដោយអហិង្សានិងសន្តិវិធី ជាជាងបណ្តេញឲ្យចាក់ចេញទាំងបង្ខំ។ លោកទទួលស្គាល់ថា ពលរដ្ឋទាំងនោះ អាចជាពលរដ្ឋមកពីតំបន់ ឬខេត្តឆ្ងាយៗ ហើយចូលមករស់នៅ ក្នុងតំបន់ជ្រោះដំណាក់ក្បួននេះ ដោយខុសច្បាប់ ដើម្បីបង្កើតការដាំដុះ សម្រាប់រកប្រាក់ចំណូល ចិញ្ចឹមគ្រួសារ ដែលមិនប៉ះពាល់ពាល់ធ្ងន់ធ្ងរដល់បរិស្ថាននោះទេ។
មេឃុំបាក់ខ្លង លោក ថូវ ប៊ុនកេ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយរុញបញ្ហានេះ សួរទៅថ្នាក់ដឹកនាំ រដ្ឋបាលស្រុកមណ្ឌលសីមា ឬថ្នាក់ដឹកនាំខេត្តកោះកុង ជំនួសវិញ។
យ៉ាងណា គេហទំពរ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចស្នើសុំការបំភ្លឺពី លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បាននៅឡើយទេ តាមទូរស័ព្ទ។ ខណៈ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ក៏មិនអាចទាក់ទងសំការបំភ្លឺបានទេ នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ។


ទោះជាបែបនេះក្តី លោក ឈិត រតនៈ អ្នកនាំពាក្យ និងជាអភិបាល ខេត្តកោះកុង ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រងសំដីមកចុះផ្សាយថា ពលរដ្ឋ ដែលអះអាងថា ចូលមករស់នៅតំបន់ជ្រោះដំណាក់ក្បួន ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមានេះ គឺទើបចូលមករស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ហើយថា ការចូលមករស់នៅនេះ គឺបានប៉ះពាល់ដល់ដី ការពារដោយ ក្រសួងបរិស្ថាន ដែលមិនអនុញ្ញាតឲ្យមានសកម្មភាពចូលមកទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិនោះទេ។
យ៉ាងណាលោកថា រូបលោកមិនទាន់ទទួលបាន របាយការណ៍ច្បាស់ពីថ្នាក់ក្រោមជុំវិញករណីនេះទេ ដោយរង់ចាំមានឯកសារគ្រប់គ្រាន់ពីថ្នាក់ក្រោមសិន ទើបអាចបកស្រាយបានពិស្តារជាងនេះ។
មេភូមិកោះប៉ោលោក វិន សុវាន បានឲ្យដឹងថា ពលរដ្ឋដែលស្នាក់នៅត្រង់ចំណុចខាងលើ គឺភាគច្រើនជា អ្នកចំណាកស្រុកមកពីឆ្ងាយ ហើយតំបន់នោះជាតំបន់ដាច់ស្រយាល ចម្ងាយពីភូមិប្រហែលជាង ២០គីឡូម៉ែត្រ។ លោកបន្តថា ដើមឡើយតំបន់នេះ មិនមានមនុស្សរស់នៅទេ ប៉ុន្តែនៅពេលតំបន់នវ មានការសាងសង់វារីអគ្គិសនី ទើបមានកម្មករប្រមាណ ៤ទៅ៥គ្រួសារ បានមកសង់ខ្ទម រស់នៅទីនេះជាបណ្ដោះអាសន្ន។ លុះវារីអគ្គិសនីសង់រួចរាល់ ពលរដ្ឋទាំងនោះ មិនព្រមចាកចេញពីទីតាំងនេះឡើយ ហើយថែមទាំងមានអ្នកចំណូលថ្មី ចូលមករស់នៅ តំបន់នេះជាបន្តបន្ទាប់។
លោកប្រាប់សារព័ត៌មានក្នុងស្រុកថា ៖«តាមខ្ញុំដឹង ដីតំបន់នោះ គេវិនិយោគឱ្យក្រុមហ៊ុនឯកជនមួយ ក្នុងទំហំដីប្រមាណ ១០ហិកតា.!។»
បន្ថែមលើនេះ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានឲ្យដឹងដែរថា កាលពីឆ្នាំ២០១៩ នៅតំបន់នេះ ពិតជាមានក្រុមហ៊ុនមួយ បានទទួលសិទ្ធិវិនិយោគពិតមែន ប៉ុន្តែមិនឃើញមានការអភិវឌ្ឍន៍អ្វីទាល់តែសោះ រហូតមកដល់បច្ចុបន្ននេះ។ លោកបន្តថា រាល់ថ្ងៃនេះ ដីតំបន់នេះ មិនទាន់បានវិនិយោគទៅឲ្យក្រុមណាផ្សេងទៀតទេ។
យ៉ាងណាក៏ដោយចុះ ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែឧសភាថ្មីៗនេះ មន្ត្រីមន្ទីរបរិស្ថាន បានដឹកនាំកម្លាំងសមត្ថកិច្ច ជាច្រើននាក់ ចុះមកបង្ខំ ឲ្យពួកគាត់រុះរើផ្ទះ ឬខ្ចុះ ដែលសង់រស់នៅនិងប្រកបរមុខរបរចិញ្ចឹមជីវិត ចេញពីតំបន់ជ្រោះដំណាក់ក្បូននេះ ម្តងរួចមកហើយៗ ថែមទាំងបានប្រើកាំភ្លើងមកផ្ទុងពួកគាត់ បង្ខំឲ្យរុះរើសំណង់ផ្សេងៗ ចេញពីតំបន់ខាងលើនេះ ឲ្យអស់មុនថ្ងៃទី៥ ខែឧសភា។ ប៉ុន្តែនៅពេលប្រជាពលរដ្ឋ ប្រមូលផ្តុំតវ៉ា ក៏បានដកថយទៅវិញ។ ប៉ុន្តែបានគម្រាមថា នឹងនាំយកគ្រឿងចក្រមកឈូលកំទេចទីតាំង តូបលក់ដូរ ឬផ្ទះរស់នៅ របស់ពលរដ្ឋពួកគាត់ ឲ្យអស់ក្នុងសប្តាហ៍នេះទៀត ៕ រូបថត ៖ ដើមរាំង


















