អ្នកប្រកបរបរលើវិស័យទេសចរណ៍ បង្ហាញកង្វល់ពីផលប៉ះពាល់ នៃការសាយភាយធូលីធ្យូងថ្មហុយចេញពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ..
ខេត្តព្រះសីហនុ ៖ ថ្នាក់សមាគមទេសចរណ៍ ក៏ដូចជាក្រុមអ្នកប្រកបរបរលើវិស័យទេសចរ ជាពិសេសភ្ញៀវ ជាតិ-អន្តរជាតិ បង្ហាញកង្វល់ អំពីធូលីហុយពណ៌ខ្មៅ ដែលពួកគាត់អះអាងថា អាចជាធូលីធ្យូងថ្ម ដែលបានសាយភាយចេញពីក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំឲ្យប៉ះពាល់ដល់ ការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាពិសេសប៉ះពាល់ដល់សុខភាព រស់នៅ របស់ពួកគាត់ធ្ងន់ធ្ងរ។
ក្រុមអាជីវករ ដែលមានទីកន្លែងលក់ដូរ ឬប្រកបរបរទទួលទាន នៅជាប់របងកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំណូមពរដល់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជាពិសេសលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយពិនិត្យនិងអន្តរាគមន៍ទប់ស្កាត់ ធូលីពណ៌ខ្មៅ ឬធូលីធ្យូងថ្ម ដែលហុយសាយភាយចេញពី កំពង់ផែក្រុងព្រះសីហនុ ឲ្យបានឆាប់ផង ដ្បិតនៅរដូវរំហើយឬធ្លាក់ខ្យល់នេះ ធូលីទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ការប្រកបរបរទទួលទាន និងប៉ះពាល់ដល់សុខសភាពពួកគាត់ ដូចជាមានបញ្ហាផ្លូវដង្ហើម ក្អក និងរមាស់ពេញខ្លួនប្រាណជាដើម។

ផ្តើមពីបញ្ហានេះ ក្រុមអ្នកប្រកបររបរដឹកជញ្ជូនភ្ញៀវទេសចរ នៅផែទេសចរណ៍ក្រុងព្រះសីហនុ បានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ឲ្យជួយរកវិធីទប់ស្កាត់ធូលីធ្យូងថ្ម ដែលសាយភាយ ឬហុយចេញពីខាងក្នុងបរិវេណកំពង់ផែស្វយ័ត ឲ្យបានឆាប់ផងចុះ។ ដ្បិតធូលីធ្យូងថ្មនេះ បានប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ធ្ងន់ធ្ងរ។
បន្ថែមលើនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានធ្វើដំណើរចេញចូលឆ្លងកាត់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចេញទៅកម្សាន្តតាមបណ្តាកោះនានា មានកោះរ៉ុងជាដើម ក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាព ផ្តើមពីចេញពីធូលីធ្យូងថ្ម ដែលហុយសាយភាយចេញពី កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះដែរ។ ហើយបានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេស ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយមានវិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា។
ស្រដៀងគ្នាដែរ សម្រាប់ប្រតិបត្តិករប្រកបរបរលក់ចំណីអាហារ និងលក់សំបុត្ររថយន្ត ឬសំបុត្រអូរប័រជាដើម នៅជាប់របងខាងមុខ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បង្ហាញការព្រួយបារម្ភពីធូលីធ្យូងថ្មនេះដែរ ហើយបានសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ និងរកវិធីទប់ស្កាត់។

ប្រតិបត្តិករផ្សេងទៀត ក៏បានបង្ហាញពីកង្វល់អំពី ធូលីធ្យូងថ្មនេះដែរ ហើយបានសំណូមពរដល់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជួយរកវិធីទប់ស្កាត់ជាបន្ទាន់។ ព្រោះរាល់ថ្ងៃនេះ ខ្យល់រំហើយ បានបោកបក់នាំធូលីធ្យូងថ្មទាំងនេះ សាយភាយមានវិសាលភាពធំទូលាយ នាំឲ្យប៉ះពាល់ដល់សុខភាព និងការប្រកបរបរប្រចាំថ្ងៃធ្ងន់ធ្ងរ។ ជាពិសេសប៉ះពាល់ដល់ដំណើរមកដល់ របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ នៅក្នុងផែទូកទេសចរណ៍ក្រុងព្រះសីហនុទាំងមូល ។
ចំណែក លោក ម៉ុត ភារី តំណាងសមាគម ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ បានទទួលស្គាល់ថា រាលថ្ងៃនេះ ពិតជាមានធូលីធ្យូងថ្ម បានហុយសាយភាយចេញពីបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពិតមែន។ លោកព្រួយបារម្ភថា ចំហាយនៃធូលីធ្យូងថ្មនេះ អាចនាំឲ្យបះពាល់ដល់កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសប៉ះពាល់ដល់សុខភាព ពលរដ្ឋ អាជីវករ ក៏ដូចជាអ្នកប្រកបរបរលើវិស័យទេសចរ នៅជុំវិញបរិវេណផែទូកទេសចរណ៍ក្រុងព្រះសីហនុទាំងមូល។
ទោះជាបែបនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំភ្លឺជុំវិញកង្វល់ ឬការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរ ភ្ញៀវទេសចរ ក៏ដូចជាតំណាងសមាគមទេសចរណ៍ ករណីធូលីធ្យូងថ្ម ហុយសាយភាយ ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននៅឡើយទេនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។ ខណៈ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏មិនទាន់អាចសុំការបញ្ជាក់បាននៅឡើយដែរ?៕



















