មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» រងការចោទពីឪពុក-ម្តាយ ក្មេងប្រុសអាយុ៨ខែម្នាក់ ដែលព្យាបាលរហូតដល់ស្លាប់..

រាជធានីភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» បានរងការចោទថាព្យាបាលក្មេងប្រុសអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់ ហើយត្រូវបានក្រុមគ្រួសារកើតទុក្ខមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវដើម្បីរកយុត្តិធម៌ឲ្យពួកគាត់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង៤០នាទី ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យ ដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កុមាររងគ្រោះមានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ ៨ខែ បានស្លាប់នៅវេលាម៉ោង ៧ និង៥០នាទី ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២»។

ពូបង្កើត របស់ក្មេងរងគ្រោះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទារកនេះមានជំងឺគ្រុនឈាម ហើយបានទៅសម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីទារកក្តៅខ្លួន។

យ៉ាងណា នៅពេលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើ នេះ ស្ថានភាពទារកកាន់តែធ្ងន់ធ្ងរទៅ ដោយគ្រូពេទ្យហាក់ដូចជា មិនយកចិត្តទុកដាក់ ហើយនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ ដោយសារស្ថានភាពធ្ងន់ធ្ងរ ហើយគ្រូពេទ្យមិនអាចជួយបាន ទារករងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង ៧ និង៥០នាទីព្រឹក។

ក្រោយពីដឹងថា ក្មួយប្រុសជាទីស្រលាញ់របស់គាត់ បានស្លាប់ ក៏បានស្រែកទ្រហោយំយ៉ាងខ្លាំង ហើយបានចោទប្រកាន់មកលើគ្រូពេទ្យ នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ថា មានការធ្វេសប្រហែស មិនយកចិត្តទុកដាក់ ទុកបណ្ដោយឲ្យកូនរបស់គាត់ រហូតដល់ធ្ងន់ធ្ងរបាត់បង់ជីវិត ហើយប្តឹងសមត្ថកិច្ច ក៏ដូចជាមន្រ្តីពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ ដើម្បីឲ្យជួយរកយុត្តិធម៌ ព្រមទាំងបីកូនជាទីស្រឡាញ់ របស់គាត់ទៅដល់មន្ទីរពេទ្យតែម្ដង។

 

បន្ទាប់មកក៏បានឃើញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជា មន្រ្តីនគរបាលមូលដ្ឋាន និងនគរបាលជំនាញ ផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ក៏ចុះទៅត្រួតពិនិត្យ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់ ១២។

យ៉ាងណាក៏ដោយចុះ គេពុំទាន់ដឹងថា ការស្លាប់របស់ទារក ខាងលើ បណ្ដាលមកពីការធ្វើប្រហែស របស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខាងលើ ឬយ៉ាងណានោះទេ។ ហើយមកដល់រសៀល ថ្ងៃដដែល សមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យសព។

ទាក់ទិនការចោទប្រកាន់នេះ គ្រូពេទ្យ គ្លីនិកខាងលើ បានឱ្យអ្នកសារព័ត៌មានដឹងថា រង់ចាំមន្ត្រីជំនាញត្រួតពិនិត្យសិន បើសិនឪពុកម្ដាយ ឬអាណាព្យាបាលក្មេងយល់ថា ការព្យាបាល របស់គ្រូពេទ្យមានបញ្ហា ឬមានការធ្វេសប្រហែស ក្រុមគ្រួសារអាចប្តឹងទៅទៅតុលាការបាន៕

អត្ថបទដែលជាប់ទាក់ទង