ប្រាង្គឥដ្ឋលេខ១៣ នៅលើភ្នំបាខែង បានបញ្ចប់ការជួសជុលដោយជោគជ័យ
ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលពង្រឹងប្រាង្គប្រាសាទឥដ្ឋលេខ១៣ ដែលនៅលើភ្នំបាខែង ជាស្ថាពរហើយ។
ការជួសជុល យ៉ាងយកចិត្តទុកដាក់តាមបច្ចេកទេសនេះ បានឆ្លើយតបទៅនឹងការរក្សាបាន នូវតម្លៃបេតិកភណ្ឌឱ្យរឹងមាំឡើងវិញ។
អ្នកស្រី ឈុន រតនា មន្ត្រីជំនាញ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលប្រាង្គឥដ្ឋលេខ១៣ បានបែងចែកជាពីរដំណាក់កាលធំៗដូចជា៖ ដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើការជួសជុល និងពង្រឹងគ្រឹះខឿនថ្មបាយក្រៀម និងតួប្រាសាទផ្នែកខាងក្រោម។
អ្នកជំនាញបានរកឃើញថា ខឿន របស់ប្រាសាទនេះ មានថ្មបាយក្រៀមចំនួន ៦ស្រទាប់ និងកម្រាលថ្មភក់ចំនួន ១ស្រទាប់ទៀត ដែលជាបង្អែកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់តួប្រាសាទ។
ចំណែកដំណាក់កាលទីពីរ ក្រុមការងារបានជួសជុលបន្ត ចាប់ពីរួតទីពីរ រហូតទៅដល់រួតកំពូល ដែលមានកម្ពស់ប្រមាណ ៦ម៉ែត្រ។
ការងារជួសជុលនេះ ក្រុមអ្នកជំនាញបានផ្តោតលើការសម្អាតដី កម្ចាត់កណ្តៀរ សត្វល្អិត ដកឫសឈើ និងកូនរុក្ខជាតិ ដែលចាក់ចូលជ្រៅទៅក្នុងរចនាសម្ព័ន្ធរបស់ប្រាសាទ ដែលបង្កឱ្យមានបញ្ហាជម្រាបទឹក ព្រមទាំងធ្វើឱ្យឥដ្ឋពុកផុយ ហែកញែកចេញពីគ្នាជាដើម។
អ្នកស្រី ឈុន រតនា បញ្ជាក់ទៀតថា គោលការណ៍គ្រឹះនៃការជួសជុលប្រាសាទឥដ្ឋលេខ១៣ គឺថែរក្សាទម្រង់ និងរចនាសម្ព័ន្ធដើម ដោយមិនបន្ថែមរចនាសម្ព័ន្ធថ្មីទេ។ កន្លងមក ប្រាង្គឥដ្ឋលេខ១៣ មានការទ្រុឌទ្រោមខ្លាំង ដោយមិនអាចឈរខ្លួនឯងបានទេ។
ក្រុមអ្នកអភិរក្ស បានព្យាយាមជួយសង្គ្រោះប្រាសាទនេះ ដោយយកឈើទៅជួយទល់ទ្រ ព្រមទាំងរុំព័ទ្ធខ្សែកាបជុំវិញតាំងពីក្រោមរហូតដល់ទៅកំពូល។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រាង្គឥដ្ឋលេខ១៣ មិនត្រឹមតែអាចឈររឹងមាំបានឡើងវិញប៉ុណ្ណោះទេ គឺថែមទាំងមានសោភ័ណភាពស្រស់ស្អាតជាងមុនផង។
ប្រាង្គឥដ្ឋលេខ១៣ គឺជាប្រាសាទ ដែលនៅមានសល់តួរាងល្អជាងគេចាប់តាំងពីខឿនរហូតដល់កំពូល ក្នុងចំណោមប្រាង្គប្រាសាទឥដ្ឋចំនួន ៤៤ ដែលស្ថិតនៅជុំវិញភ្នំបាខែង។ ការជួសជុលពង្រឹងប្រាង្គឥដ្ឋលេខ១៣ ឡើងវិញ មិនត្រឹមតែជួយសង្គ្រោះប្រាសាទពីការដួលរលំប៉ុណ្ណោះទេ វាក៏ជួយលើកកម្ពស់សោភ័ណភាព និងតម្លៃស្នាដៃសិល្បៈដូនតាខ្មែរ ដើម្បីឱ្យទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាទិដ្ឋភាពថ្ងៃលិច នៅលើភ្នំបាខែង បានឃើញនូវសំណង់បុរាណដ៏រឹងមាំ និងរស់រវើកឡើងវិញដែរ៕



