ក្រសួងណែនាំមន្ត្រីមូលដ្ឋានប្រយ័ត្នលើកំហុសទិន្នន័យ ខណៈពលរដ្ឋប្រតិកម្មរឿងខុសអក្ខរាវិរុទ្ធលើឯកសារផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ណែនាំ​ដល់​មន្ត្រីអត្រានុកូលដ្ឋាន​នៅ​មូលដ្ឋាន​ និង​មន្ត្រីផ្តល់សេវា​​ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បង្កើនការ​ប្រុង​ប្រយ័ត្ន​លើកំហុស​ទិន្នន័យ និង​ត្រូវ​ស្នើឱ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​ទិន្នន័យ​របស់​​ខ្លួនឱ្យ​បាន​ត្រឹម​ត្រូវ​ មុន​នឹង​ប្រគល់​ឯកសារ​អត្រានុកូលដ្ឋាន ដូចជា សំបុត្រ​កំណើត ឬ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​​ខ្មែរ​។ នេះបើតាមសេចក្តីជូន​ព័ត៌មាន​របស់អគ្គនាយកដ្ឋាន នៅថ្ងៃ​ចន្ទ ទី​០២ ខែ​វិច្ឆិកានេះ។

សេចក្តីជូនដំណឹង​របស់​​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា មួយ​រយៈកន្លងមកនេះ មានប្រជាពលរដ្ឋ​​មួយចំនួន បានលើកឡើង​នូវ​សំណូម​ពរទៅកាន់​អគ្គនាយក​ដ្ឋាន និង​ថ្នាក់ដឹកនាំ តាមរយៈបណ្តាញសង្គម ដោយ​​ស្នើ​ឱ្យ​សម្រួល​នីតិវិធី​លើកា​រកែកំហុស​ទិន្នន័យ​លើ​សំបុត្រ​កំណើត ឬអត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ។

ប្រភពដដែលបានគូសបញ្ជាក់ជាថ្មីថា នៅក្រោយ​សម័យ​ប៉ុល​ពត ឯកសារ​សម្គាល់​អត្តសញ្ញាណ​បណ្ណ​របស់​ពលរដ្ឋ និងលិខិត​ស្នាម​ផ្សេងៗ​បានខូចខាត​និងបាត់បង់ស្ទើរគ្មានសល់​ ដូច្នេះ​កា​ររៀបចំឯកសារ​ទាំងនោះឡើង​វិញ ក្នុ​ងយុទ្ធនាការ​ចុះ​បញ្ជីអត្រានុកូលដ្ឋានទូទាំង​ប្រទេស​កាលពីឆ្នាំ​២០២២ ត្រូវបានធ្វើដោយដៃ និង​​មានករណីមួយចំនួន​ទៀត បានធ្វើផ្អែកលើព័ត៌មាន​ផ្ទាល់មាត់ ឬការ​ចង​ចាំ​របស់ពលរដ្ឋដែល​ពុំ​ចេះ​អក្សរ និងពុំមានុំឯកសារ​សំអាងជាក់លាក់ ដែលបណ្តាល​ឱ្យ​មានកំហុស​ទិន្និន័យ​ក្នុង​បញ្ជី និង​សំបុត្រ​កំណើត​មានចំនួន​ច្រើន ដូចជា ខុស​អក្ខរាវិរុទ្ធ ខុស​ឈ្មោះ ខុស​​ភេទ ខុស​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ឬភាន់ច្រឡំ​ទិនន្នន័យ​ឪពុកម្តាយ​ជាដើម ដែល​ត្រូវ​បន្ត​ដោះស្រាយ​មក​ដល់​ពេល​បច្ចុប្បន្ន។

អគ្គនាយកដ្ឋាន ក៏បាន​ឆ្លើយ​សំណួរ​មួយចំនួន ដែលពលរដ្ឋ​បាន​សួរផងដែរ ដូចជាថាតើ​បញ្ហា​ខុស​ទិន្នន័យ​នេះ ជាកំហុស​របស់​អ្នកណា? ហេតុអ្វីមិនកែតម្រូវ​ជូន​ប្រជាពលរដ្ឋ​តាមការ​ស្នើសុំ ដោយ​ពុំចាំបាច់ទៅតុលាការ ឬ​ស្រាវ​ជ្រាវ​ស៊ើប​​បញ្ជាក់​ធ្វើអ្វី? ហើយ​ការ​កែតម្រូវទិន្នន័យ​អត្ត​សញ្ញាណ​បុគ្គលម្នាក់ គឺជាការ​ងាយ​ស្រួល ឬជាបញ្ហា​ស្មុគស្មាញ?

ចំពោះចម្ងល់របស់ពលរដ្ឋ​ទាំងនេះ អគ្គនាយក​ដ្ឋានអត្តសញ្ញាណ​កម្ម បាន​ឆ្លើយ​តបថា កំហុសទិន្នន័យ​​​មួយចំនួន ​បានកើត​ឡើង​ដោយអចេតនា របស់មន្ត្រី​ផ្តល់សេវា និងប្រជាពលរដ្ឋ ដែល​បាន​រួមគ្នា​ពិនិត្យ ឬផ្ទៀង​ផ្ទាត់​ដែរ ប៉ុន្តែ​មិនបានកត់សម្គាល់អំពីកំហុស ខណៈកំហុស​មួយចំនួន បានកើតឡើង​ដោយសារ​មន្ត្រីផ្តល់​សេវា​ធ្វេស​ប្រហែស ឬមិន​យក​ចិត្ត​ទុកដាក់ តាមការណែនាំ​ឬបណ្តាល​កន្លងមក និង​កំហុស​មួយចំនួន​ទៀត កើត​ឡើង​ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួនធ្វេស​ប្រហែស ឬ​ផ្តល់​ព័ត៌មានដោយ​ផ្ទាល់​មាត់ ឬស្មាន ហើយ​យល់ព្រមទទួល​យក​ឯកសារ​ពីមន្ត្រី​ផ្តល់សេវា ដោយ​មិនបាន​ពិនិត្យឡើងវិញ ដោយសម្អាត​ថាខ្លួនប្រញាប់ ឬមិនចេះអក្សរ​។

នៅមានករណីមួយចំនួនទៀត អ្នកស្នើ​សុំសេវា​បាន​ផ្តល់​ព័ត៌មានមិនត្រឹម​ត្រូវ ឬកែទិន្នន័យ​ដោយ​ចេតនា ដើម្បីប្រើប្រាស់​ក្នុង​គោល​បំណងផ្សេង​ៗ ដូចជា បានព្យាយាម​កែ​ដំឡើង​អាយុ​ដើម្បីស្នើ​សុំចូលធ្វើការ​ ឬបន្ថយ​អាយុ​មិនទាន់ចង់​ចូលនិវត្តន៍ ឬកែទិន្នន័យ​ផ្សេងទៀត​ដើម្បីសុំ​ទិដ្ឋាការ​ជា​ដើម។

ចំពោះករណីកែ​តម្រូវ​ទិន្នន័យ​របស់​ប្រជាពលរដ្ឋ ហើយ​តម្រូវ​ឱ្យ​ដាក់ពាក្យស្នើទៅ​តុលាការ ឬ​ស្រាវជ្រាវបញ្ជាក់​នោះ អគ្គនាយក​​ដ្ឋាន បានគូសបញ្ជាក់ថា ដោយសារ​ក្នុង​បរិបទនៃការ​គ្រប់គ្រ​ងប្រជាជននៅលើសកល​លោក មនុស្ស​ម្នាក់​តម្រូវ​ឱ្យ​មាន​អត្តសញ្ញាណតែមួយ ហើយ​កម្ពុជា​បាន​កំណត់​គោល​ដៅ​នេះ ដោយសារ​កា​រពារ​នូវ​សិទ្ធិ​របស់​ពលរដ្ឋ ដូចជា សិទ្ធិ​លើអចលនទ្រព្យ សិទ្ធបោះឆ្នោត សិទ្ធិ​ទទួលកេរមរតកត​ជា​ដើម និង​ធានាប្រសិទ្ធិភាពលើការ​ផ្តល់​សេវាសាធារណៈ ព្រមទាំង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ថែរក្សា​សន្តិ​សុខសណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពសង្គម។

យ៉ាងណា អគ្គនាយក​ដ្ឋាន បានលើកឡើង​ថា ខ្លួន​បាននិងកំពុង​បន្តជំរុញ​ពិនិត្យ​ និង​ដោះស្រាយ​​​លើករណីស្មុគស្មាញ​​មួយចំនួនតាម​ច្បាប់ និង​លិខិត​បទដ្ឋានគតិ​យុត្ត​​ ព្រម​ទាំង​បាននិងកំពុង​អនុវត្ត​សាកល្បង​ប្រព័ន្ធ​ចុះ​បញ្ជី​អត្រានុកូល​ដ្ឋាន​ថ្មី ដែលគ្រោង​នឹង​ដាក់​អនុវត្ត​នៅទូទាំង​រាជធានីភ្នំពេ្ នៅ​ដើមឆ្នាំ​២០២៧ និង​ពង្រីក​នៅតាមបណ្តា​ខេត្ត​ នៅអំឡុង​ត្រី​មាសទី​២ ឆ្នាំ​២០២៧ ក្រោយ​ប្រព័ន្ធឌីជីថល​នេះធ្វើបច្ចុប្បន្ន​ និងអភិវឌ្ឍន៍​មុខ​ងារ​ដែល​ខ្វះ​ខាត​រួច។

ហើយក្នុង​ដំណាក់កាល​ដែល​ពុំទាន់បានដាក់ដំណើរការ​ប្រព័ន្ធ​ខាង​លើ អគ្គនាយកដ្ឋាន បានអំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ដែលមានបញ្ហា​កំហុស​ទិន្នន័យអត្រា​នុកូលដ្ឋាន ទៅ​ដាក់ពាក្យ​ស្នើ​សុំកែតម្រូវ​នៅរដ្ឋបាល​ឃុំ​សង្កាត់ នៃ​ទីកន្លែង​​ចុះ​បញ្ជី ករណីក្នុង​ឆ្នាំ​អនុវត្ត និង​ដាក់​ពាក្យស្នើ​ទៅ​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ នៃ​ទីតាំង​ដែល​បញ្ជីអត្រា​នុកូលដ្ឋានរក្សា​ទុក ឬនៅ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន​ នៃ​អគ្គនាយកដ្ឋានអត្ត​សញ្ញាណកម្ម ក្នុងករណីហួស​ឆ្នាំ​អនុវត្ត។

អគ្គនាយកដ្ឋាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែល​​ស្នើសុំ​សេវា បង្កើន​កា​រប្រុងប្រយ័ត្ន​លើ​កំហុស​ទិន្ន​ន័យ​​របស់ខ្លួន និងសូមផ្ទៀងផ្ទាត់​ឱ្យ​បាន​ត្រឹមត្រូវ មុន​ទទួលយកឯកសារ និង​ចាកចេញពីកន្លែង​ផ្តល់​សេវា ដោយ​ចៀស​វាង​យក​ឯកសារ​ទៅរក្សាទុក​យូរ​ឆ្នាំ ទើបទៅស្នើសុំកែជាក្រោយ ដែលនាំឱ្យនីតិវិធី​ស្នើ​កែ​តម្រូវ​មានលក្ខណៈស្មុគស្មាញ។

បើតាម​អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្ម គិត​មកដល់​ពេល​នេះ ខ្លួន​បានសហការ​ជាមួយ​អាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ ស្រាវ​ជ្រាវ និងកែតម្រូវ​ទិន្នន័យ​បានចំនួនជាង ១៨ម៉ឺន​នាក់​ហើយ (១៨១ ៨៥៩នាក់) ហើ​យ​បាននិងកំពុង​បន្ត​ពិនិត្យ និង​ដោះស្រាយ​លើ​ករណីស្មុគស្មាញ​មួយចំនួន​បន្ថែម​ទៀត ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋានគតិ​យុត្តជាធរមាន៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង