សិក្ខាកាម៦រូបមកពីស្ថាប័ន៣ នៃកិច្ចការពារបេតិកភណ្ឌ បានបញ្ចប់ការបណ្ដុះបណ្ដាលជំនាញអភិរក្ស និងជួសជុលវត្ថុសិល្បៈបុរាណ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញអភិរក្ស និងជួសជុលវត្ថុសិល្បៈបុរាណ ធ្វើពីលោហៈ និងកុលាលភាជន៍ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក គាំ សុភារម្យ បុរាណវិទូ និងជាគ្រូបង្គោលបណ្តុះបណ្តាល ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញ ពង្រឹងសមត្ថភាព បានចែករំលែកបច្ចេកទេស និងផ្ដល់ចំណេះដឹងក្នុងការថែរក្សា ការពារ និងសង្គ្រោះវត្ថុបុរាណធ្វើពីលោហៈ (សំរឹទ្ធ ដែក) និងកុលាលភាជន៍នេះ មានសិក្ខាកាមមកពីអាជ្ញាធរជាតិអប្សរា ៣នាក់ អាជ្ញាធរជាតិសំបូរព្រៃគុក ២នាក់ និងអាជ្ញាធរជាតិព្រះវិហារ ១នាក់ សរុប៦នាក់។ វគ្គបណ្ដុះបណ្ដាលនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៣១ ខែសីហា និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ។

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ និងអាជ្ញាធរជាតិអប្សរា បានរៀបចំបណ្ដុះបណ្ដាលសិក្ខាកាមទាំង៦រូប ដោយផ្តោតលើបច្ចេកទេសអភិរក្សជាបឋម ដូចជា វិធីសាស្ត្រសម្អាត ជួសជុល និងទប់ស្កាត់ការខូចខាតលើវត្ថុសិល្បៈ ដែលធ្វើពីលោហៈ (សំរឹទ្ធ និងដែក) និងប្រភេទកុលាលភាជន៍ ទៅតាមបែបវិទ្យាសាស្រ្តបច្ចេកទេសយ៉ាងត្រឹមត្រូវ។ ការបង្រៀនទ្រឹស្តីទូទៅដោយស្វែងយល់ពីមូលហេតុនៃការខូចខាត និងកត្តាបំផ្លិចបំផ្លាញ មានកត្តាអាកាសធាតុ សំណើម អុកស៊ីតកម្ម និងប្រតិកម្មគីមី ទៅលើលោហៈធាតុ និងកុលាលភាជន៍។ យល់ដឹងពីការធ្វើរបាយការណ៍ នៅមុនពេលជួលជុល កំឡុងពេលជួលជុល និងក្រោយពេលជួសជុល។ វិធីសាស្ត្រពិនិត្យវិភាគ និងកត់ត្រាស្ថានភាពដើមនៃការខូចខាតឡើងច្រែះស្នឹម ឬការសឹករេចរឹល។ បច្ចេកទេសសម្អាតតាមបែបមេកានិច(ម៉ាស៊ីនមីក្រូ​ទស្សន៍ ម៉ាស៊ីន Air plaster ម៉ាស៊ីនផ្លុំខ្យល់ ស្កាល់ប៉ែល ចង្កាក់ឬស្សី សំឡី និងការប្រើសារធាតុគីមីមួយចំនួន (Acetone និងអាល់កុល) កម្រិតសុវត្ថិភាព។ ការស្រោបសារធាតុការពារ (Stabilization & Coating ល្បាយ BTA និងSSQ) ដើម្បីទប់ស្កាត់ការខូចខាតកើតឡើងវិញជាដើម។

លោក គីម ដុងមីន ប្រធានគម្រោង នៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះថា វគ្គបណ្តុះបណ្តាលលើកនេះ មានអត្ថន័យយ៉ាងធំធេងចំពោះកម្ពុជា ដែលបានប្រឹងប្រែងបណ្តុះបណ្តាលជំនាញការអភិរក្សនិងជួសជុលវត្ថុសិល្បៈបុរាណនេះ។ ជាបន្តកម្ពុជា អាចនឹងមានសមត្ថភាពបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវជំនាន់ក្រោយ បានដោយខ្លួនឯងផ្ទាល់ ដោយមានការជួយជ្រោមជ្រែងចែករំលែកបច្ចេកទេសពីកូរ៉េ នៅក្នុងមន្ទីរពិសោធន៍ដែលកសាងឡើងដោយមានការគាំទ្រពីកូរ៉េដែរនោះ។

លោក គីម ដុងមីន យល់ឃើញថា កត្តាសំខាន់បំផុតក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ គឺពឹងផ្អែកលើធនធានមនុស្ស។

បើទោះបីជាយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងឧបករណ៍ទំនើបយ៉ាងណាក៏ដោយ ប្រសិនបើ គ្មានអ្នកជំនាញដែលចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ហើយអាចផ្ទេរបច្ចេកទេសពីមនុស្សជំនាន់មុន ទៅមនុស្សជំនាន់ក្រោយទេ ការអភិរក្សបេតិកភ ណ្ឌវប្បធម៌ ដែលប្រកបដោយចីរភាព គឺជាការពិបាកណាស់។ លោកសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ ដែលសិក្ខាកាមទាំងអស់គ្នាទទួលបានទទួលថ្ងៃនេះ នឹងយកទៅអនុវត្តនៅការដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌ នៃស្ថាប័នរៀងៗខ្លួន ព្រមទាំងមានការចែករំលែកបន្តដល់សហការីឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។

ចំណែក​ប្រធាន​នាយកដ្ឋាន​បណ្ដុះ​បណ្ដាល​ ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក​​អ៊ឹម ​សុខរិទ្ធី​ ​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​រយៈ​ពេល ៣០​ឆ្នាំ​មក​នេះ​ កម្ពុជា​បាន​​​រៀន​ជំនាញ​ជួស​ជុល និង​ថែទាំ​​ប្រាសាទ​បុរាណ​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ​​ហើយ​​បច្ចុប្បន្ន​ក្លាយ​ជា​អ្នក​ជំនាញ​អាច​ជួស​ជុល​បាន​​ដោយ​ខ្លួន​ឯង ​ថែម​ទាំង​បាន​​ចូលរួម​សហការ​ការ​ងារ​ជួសជុល​អន្តរជាតិ​​តាម​ការដ្ឋាន​​ក្នុង​តំបន់អង្គរ​​​ក៏​ដោយ ​ក៏​ប៉ុន្តែ កម្ពុជា​ក៏​នៅ​តែ​ខ្វះ​ខាត​ជំនាញ​អភិរក្ស និង​ជួសជុល​វត្ថុ​បុរាណ​ធ្វើ​ពី​លោហៈ​ធាតុ​ ដូច​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ដែល​កសាង​ឡើង​ដោយ​កូរ៉េ​នេះ​នៅឡើយ។​​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​កម្ពុជា​មាន​អ្នក​ជំនាញ​ផ្នែក​ថែទាំ​និង​អភិរក្ស​វត្ថុ​បុរាណ ​ចម្លាក់​ថ្ម​ ​​ដែល​នៅ​តាម​ប្រាសាទ​ ​គឺ​​​មាន​ការ​ជួយ​​បណ្ដុះ​បណ្ដាល​ពី​អង្គការ​(GIZ)​​អាល្លឺម៉ង់ និង​ពី​សាកលវិទ្យាល័យ​របស់​​អ៊ីតាលី ​ក៏​ប៉ុន្តែ​សម្រាប់​​​វត្ថុ​សិល្បៈ​​ធ្វើ​ពី​លោហៈ​ ​​ដែល​​យក​​មក​​រក្សា​ទុក​​​ក្នុង​សារ​មន្ទីរ​ គឺ​យើង​នៅ​ខ្វះ​ខាត​​​លើ​ជំនាញ​អភិរក្ស​ ​ជួសជុល​​និង​ថែទាំ​​នៅ​ឡើយ​។

កម្ពុជា​ចាប់​ផ្ដើម​មាន​ជំនាញ​​ស្ដី​ពី​ការ​អភិរក្ស និង​ជួសជុលវត្ថុសិល្បៈ​ ដែល​ធ្វើ​ពី​លោហៈ និង​កុលាល​ភាជន៍​ ​​គឺ​បន្ទាប់​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​(KOICA) និង​ទីភ្នាក់​ងារ​​បេតិក​ភណ្ឌ​កូរ៉េ ​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ​ហើយ​បាន​បង្កើត​ជា​មជ្ឈ​មណ្ឌល​វិទ្យា​សាស្រ្ត​ អភិរក្ស​វប្បធម៌​មួយ​ឡើង​។​ ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង