ផូស៊ីល​ឈើអាយុកាលប្រមាណ ១០ម៉ឺនឆ្នាំទៅ២លានឆ្នាំមុន ត្រូវ​បាន​រកឃើញនៅទីតាំង​ចំនួន​៣ក្នុង​ខេត្ត​ស្ទឹង​ត្រែង

ក្រសួងបរិស្ថាន​ ឱ្យ​ដឹងថា ផូស៊ីល​​ឈើបុរាណ​​ធំៗដែលមាន​អាយុ​កាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ទៅ​ ២លាន​ឆ្នាំមុន​ ត្រូវ​​បាន​ក្រុមការងារជំនាញ បានសិក្សា និង​រក​ឃើញនៅទីតាំង​​ចំនួន​៣​ បន្ថែម​ទៀត​ ក្នុ​ង​​ខេត្ត​ស្ទឹង​ត្រែង ខណៈគិត​ត្រឹមឆ្នាំ​​២០២៦​ ក្រុម​ការងារ​ជំនាញ បាន​រក​ឃើញ​​ស្ថានីយផូស៊ីល​សរុប​ជិត ៨០ទីតាំង​នៅទូទាំងប្រទេស។

ក្រសួង​បរិស្ថាន​ បានដកស្រង់​សម្តីរបស់​ប្រធាន​ការិយាល័យ​នៃនាយកដ្ឋាន​បេតិកភណ្ឌ​ធម្មជាតិនៃ​អគ្គនាយក​ដ្ឋាន​សហគមន៍​មូលដ្ឋាន​ លោក លឹម វណ្ណច័ន្ទ មកផ្សព្វផ្សាយ​​នៅលើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន នៅថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៦​នេះថា ក្រុមការ​ងារ​ជំនាញ​បាន​សិក្សា និង​រក​ឃើញផូស៊ីល​​ឈើ​បុរាណ​ធំៗ ដែលមានអាយុ​កាល​ប្រមាណចាប់ពី ១០ម៉ឺន​ឆ្នាំ ទៅដល់ ២លាន​ឆ្នាំ​មុន ស្ថិតនៅក្នុងភូមិ​តាតូត ឃុំកំភុន ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង ក្នុ​ងនោះ រណ្តៅទី​១ ជា​ផូស៊ីលដើម​​ឈើ​ដែលមាន​ប្រវែង​រហូត​ដល់ ៤០ម៉ែត្រ និងមានទំហំ​មុខ​កាត់ ១.៥០​ម៉ែត្រ ខណៈផ្នែក​គល់​វិញ មាន​ទំហំ​មុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។ រីឯ​រណ្ដៅទី២ ជាផូស៊ីលដើម​​​ឈើ​ផ្នែក​គល់ និង​ផ្នែក​ផ្សេងៗ​ទៀត ដែល​បច្ចុប្បន្ន​ក្រុម​ការ​ងារ​កំពុង​បន្ត​សិក្សា និង​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​បាន​នៅ​ឡើយ។ ហើយ​ រណ្ដៅ​ទី៣​ ជាផូស៊ីលដើមឈើដែលមានប្រវែង​ប្រមាណ ១០ម៉ែត្រ និង​មាន​ទំហំមុខកាត់ ១.៥ម៉ែត្រ។

ផូស៊ីល ឬហ្វូស៊ីល (Fossil) គឺជាស្នាម ឬសំណល់នៃភាវៈរស់ជំនាន់ដើម ដូចជា រុក្ខជាតិ សត្វ ឬឆ្អឹង ដែល​ត្រូវ​បាន​កប់​នៅក្នុ​ង​ដី​ល្បាប់ ឬ​ស្រទាប់​ថ្ម ហើយ​ឆ្លង​កាត់​ការ​ប្រែប្រួ​ល​រេដុក​ម្ម​ក្លាយ​ទៅ​ជា​ថ្ម តាម​រយៈ​ការ​ជំនួស​សារ​ធាតុ​រ៉ែ ដោយ​ការ​ទុក​ជា​រូប​រាង​ដើម។ ផូស៊ីលឈើ (Petrified Wood) គឺជារុក្ខជាតិ ឬដើមឈើ ដែលត្រូវបាន​កប់​ដោយដីល្បាប់ និងខ្វះ​អុក​ស៊ីសែន រួចត្រូវបានជំនួសដោយសារធាតុស៊ីលីកា ឬកាល់ស៊ីត រហូតប្រែក្លាយទៅជាថ្ម។

សម្រាប់​ទិសដៅការងារបន្ត ក្រសួងបរិស្ថាន ​គ្រោងនឹ​ង​បន្ត​សកម្ម​ភាព​កំណាយ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​បន្ថែម​ទៀត​នៅក្នុ​ង​ឆ្នាំ​២០២៧ ខាង​មុខ ដើម្បី​ប្រមូល​ទិន្ន​ន័យ និង​ផ្ទៀង​ផ្ទាត់​វត្ថុ​តាង​ប្រវត្តិ​សាស្ត្រ​នានា សម្រាប់​ជាប្រ​យោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ និងការអភិវឌ្ឍជាគោលដៅ​លម្ហែ​បៃតង សម្រាប់ទាក់​ទាញ​ទេសចរណ៍ នៅ​តំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រទៅថ្ងៃអនាគត។ ក្រៅពីនោះ ក្រុមការងារក៏​​នឹងប្រមូល​ចងក្រង​ទិន្នន័យវិទ្យាសាស្ត្របន្ថែម និងរៀបចំផែនការការពារទីតាំងបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ​មិនអាចកាត់ថ្លៃបានមួយនេះ ឱ្យជៀសផុតពីការបំផ្លិចបំផ្លាញ និងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រសម្រាប់​កម្ពុជានិងពិភពលោកទាំងមូល។

 

សូមបញ្ជាក់​ថា គិតត្រឹមឆ្នាំ២០២៦ ក្រុមការងារបានកំណត់ និងចងក្រងបញ្ជីស្ថានីយផូស៊ីលសរុបចំនួន ៧៨ទីតាំងនៅទូទាំងប្រទេស ក្នុងនោះមាននៅខេត្តព្រះវិហារ បន្ទាយមាន​ជ័យ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ បៃលិន ឧត្តរមានជ័យ កំពត កោះកុង កំពង់ធំ ពោធិ៍សាត់ និងស្ទឹងត្រែង។

ក្រៅពីការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងស្ថានីយផូស៊ីល ក្រសួងបរិស្ថានបានអនុវត្តការងារកំណាយ ផូស៊ីលនៅតាមបណ្តាខេត្តមួយចំនួន​ទៀត​ផងដែរ ក្នុង​នោះមាន​កំណាយផូស៊ីល​ឈើនៅស្រុកលំផាត់ ឆ្នាំ២០១៩-២0២០, កំណាយ​ផូស៊ីលឆ្អឹងដាយណូស័រដំបូងនៃប្រទេសកម្ពុជា នៅឆ្នាំ២០២២, កំណាយផូស៊ីល​ឈើ​នៅភ្នំត្បែង ខេត្តព្រះវិហារ ឆ្នាំ២០២៤ និង​​កំណាយផូស៊ីលឈើនៅស្រុកសេសាន លើកទី១ ឆ្នាំ២០២៥ និងកំពុងបន្តក្នុងពេលនេះ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង