រដ្ឋមន្ត្រីក្រសួងទេចេណ៍ ចុះជួបភ្ញៀវទេសចរអន្តរជាតិ ដល់កំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីនាវាដឹក​អ្នកដំណើរ១គ្រឿង ជាប់គាំងដោយអត់មានលុយចាក់សាំង..

នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេចេណ៍ ដឹកនាំមន្ត្រីចុះជួបភ្ញៀវទេចរអន្តរជាតិ និងអ្នកពាក់ព័ន្ធ ដល់កំពង់ផែស្វ័យត្នក្រុងព្រះសីហនុ បន្ទាប់ពីនាវានេះ អត់មានលុយចាក់សាំង វិលទៅកាន់គោលដៅ របស់ខ្លួនវិញ។

សូមបញ្ជាក់ថា នាវាដែលជាប់គាំងនេះ ឈ្មោះ វីលឡា វី អូឌីស៊ី (Villa Vie Odyssey) ហើយអ្នកដំណើរលើនាវាទេសចរណ៍ជាប់គាំងនៅប្រទេសកម្ពុជានេះ ដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់

មនុស្សរាប់រយនាក់ ដែលរស់នៅជាអចិន្ត្រៃយ៍នៅលើនាវាទេសចរណ៍ដ៏ធំមួយ ត្រូវបានបង្ខំឱ្យចុះពីនាវានៅក្នុងប្រទេសកម្ពុជា នៅសប្តាហ៍នេះ បន្ទាប់ពីប្រតិបត្តិករនាវាទេសចរណ៍នេះ បានលើកឡើងថា ការឡើងថ្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យការបន្តដំណើរការតាមនាវានេះត្រូវចំណាយថ្លៃច្រើនពេក។

នេះបើតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ។

នាវាឈ្មោះ វីលឡា វី អូឌីស៊ី (Villa Vie Odyssey) បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេលយ៉ាងហោចណាស់ ៧៥៥ថ្ងៃហើយ ជានាវាមួយក្នុងចំណោមនាវាមួយចំនួនតូចប៉ុណ្ណោះ ដែលផ្តល់ឱកាសឱ្យអ្នកដំណើរអាចជួល ឬទិញកន្លែងស្នាក់នៅរយៈពេលវែង ឬធ្វើជាលំនៅឋានអចិន្ត្រៃយ៍នៅលើនាវានោះផងដែរ។

កាលពីថ្ងៃអង្គារ ក្រុមហ៊ុនវីលឡា វី រីសាយឌិន (Villa Vie Residences) ដែលជាម្ចាស់នាវានេះ បានប្រកាសផ្អាកប្រតិបត្តិការ និងឱ្យអ្នកដំណើរចុះពីនាវានៅក្នុងប្រទេសកម្ពុជា ស្របពេលក្រុមហ៊ុនកំពុងរៀបចំស្វែងរកកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពួកគេ។

ក្រុមហ៊ុន Villa Vie Residences បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចំណាយលើថ្លៃប្រេងឥន្ធនៈប្រចាំខែ ដែលកន្លងមកមានតម្លៃជាមធ្យមប្រហែល ១.៨០០ដុល្លារក្នុងមួយបន្ទប់នោះ ថ្មីៗនេះបានកើនឡើងដល់ប្រមាណ ៦.០០០ ទៅ ៨.០០០ដុល្លារ នៅតំបន់មួយចំនួននៃទ្វីបអាស៊ី។

សេចក្តីថ្លែងការណ៍នេះ បានសរសេរថា ក្រុមហ៊ុនមិនអាចគ្រាន់តែផ្ទេរបន្ទុកនៃការចំណាយក្នុងកម្រិតខ្ពស់បែបនេះ ទៅលើអ្នកស្នាក់នៅបានឡើយ ហើយកង្វះខាតហិរញ្ញវត្ថុ ដែលកើតឡើងដោយសារបញ្ហានេះ បានធ្វើឱ្យប្រតិបត្តិការបច្ចុប្បន្នរបស់ក្រុមហ៊ុន ធ្លាក់ចូលទៅក្នុងសម្ពាធហិរញ្ញវត្ថុដែលមិនអាចទ្រទ្រង់បាន។

ក្រុមហ៊ុន Villa Vie Residences មិនបានឆ្លើយតបភ្លាមៗចំពោះសំណួរនានានោះទេ។ នាវា The Odyssey អាចផ្ទុកមនុស្សបាន ៦៥០នាក់ ប៉ុន្តែបន្ទប់ជាច្រើន រួមទាំងប្រភេទប្រណីតធំៗ (villa suites) ដែលមានតម្លៃ ៤៤០ ០០០ដុល្លារនោះ នៅមិនទាន់មានអ្នកកក់ពេញនៅឡើយទេ។ ចំណែកឯបន្ទប់ប្រភេទវីលឡា (villa) ដែលស្ថិតនៅផ្នែកខាងក្នុងនៃនាវានេះវិញ មានតម្លៃ ១២០ ០០០ដុល្លារ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា មានអ្នកដំណើរចំនួន២០៣ នាក់ និងសមាជិកនាវិកចំនួន ១៥៦នាក់ នៅលើនាវានោះ។

លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកដំណើរមួយចំនួនបានចាកចេញតាមជើងហោះហើររួចហើយ ខណៈអ្នកផ្សេងទៀតកំពុងរង់ចាំនៅក្រុងព្រះសីហនុនៅឡើយ។

លោកបានបន្ថែមថា នាវានេះគ្រោងនឹងចាក់ប្រេងបន្ថែម មុនពេលចាកចេញពីប្រទេសកម្ពុជានៅថ្ងៃសៅរ៍ខាងមុខនេះ។

វីដេអូនៅលើបណ្តាញសង្គម ដែលបង្ហោះដោយអ្នកស្នាក់នៅលើនាវានោះ បានបង្ហាញពីភាពមិនច្បាស់លាស់ និងការខកចិត្ត នៅពេលពួកគេបានទទួលដំណឹងនេះ។ ចំណែកអ្នកផ្សេងទៀតបាននិយាយថា ពួកគេរីករាយនឹងមានពេលវេលាបន្ថែមទៀត ដើម្បីដើរស្វែងយល់ពីតំបន់អាស៊ីអាគ្នេយ៍។

លោក រែនឌី កាស៊ិងហាំ (Randy Cassingham) ដែលរស់នៅលើនាវាអូឌីស៊ី ជាមួយភរិយារបស់លោកបានឱ្យដឹងថា លោកស្រី ខាធី វីលឡាបា (Kathy Villaba) ជានាយកប្រតិបត្តិ (CEO) ប្រចាំនៅរដ្ឋផ្លរីដា បានបង្ហោះសារមួយនៅក្រោយម៉ោង ៧ព្រឹក (ម៉ោងនៅកម្ពុជា) ដោយជូនដំណឹងដល់អ្នកស្នាក់នៅលើនាវាថា ពួកគេមានពេលរហូតដល់ម៉ោង ២រសៀល ដើម្បីចាកចេញពីនាវា ហើយប្រសិនបើពួកគេមិនអាចរើអីវ៉ាន់ទាំងអស់ចេញបានទាន់ពេលវេលាទេនោះ គឺត្រូវទាក់ទងសម្របសម្រួលជាមួយបុគ្គលិក។

លោកបានបន្ថែមថា វាមានបញ្ហាជាច្រើនដែលកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីគំរូអាជីវកម្ម កំហុសឆ្គងរបស់អ្នកគ្រប់គ្រង រហូតដល់វិបត្តិទាក់ទងនឹងតម្លៃ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ព្រមទាំងបញ្ហាផ្សេងៗទៀត។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនវីលឡា វី (Villa Vie) បានឱ្យដឹងថា ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានចាប់ផ្តើមកាលពីចុងខែកុម្ភៈមក ក្រុមហ៊ុនបានចាត់វិធានការនានា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដូចជាការបន្ថយល្បឿននៃការធ្វើដំណើរ និងការចំណាយពេលយូរជាងមុននៅតាមកំពង់ផែ ប៉ុន្តែវិធានការទាំងនោះនៅមិនទាន់គ្រប់គ្រាន់ ដើម្បីទូទាត់នឹងការកើនឡើងនៃការចំណាយលើថ្លៃប្រេងឥន្ធនៈក្នុងកម្រិតខ្ពស់ខុសពីធម្មតានោះទេ។

សេចក្តីថ្លែងការណ៍នេះបន្ថែមទៀតថា ក្រុមហ៊ុនមិនអាចបន្តទ្រាំទ្រនឹងការខាតបង់លើប្រតិបត្តិការដែលកើតឡើងបន្តបន្ទាប់នេះបានទេ ហើយក្រុមហ៊ុននឹងរកវិធីរៀបចំនិងបង្កើនដើមទុនក្នុងរយៈពេល៦០ថ្ងៃខាងមុខ ប៉ុន្តែមិនទាន់មានការរៀបចំហិរញ្ញប្បទានណាមួយត្រូវបានរួចរាល់ជាផ្លូវការនៅឡើយទេ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង