បទល្មើស Scams Online បន្តរកឃើញ ក្នុងក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាឲ្យ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៣០នាក់ ដឹកនាំដោយមានបញ្ជាពី លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំរួមដោយ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅចំណុចបឹងហ្គាឡូមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការត្រួតពិនិត្យ និងឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ១៥នាក់ (ស្រី ០១នាក់) ក្នុងនោះ ៖

– ជនជាតិខ្មែរ ចំនួន ០១នាក់ (ស្រី) ម្ចាស់ទីតាំង
– ជនជាតិវៀតណាម ចំនួន ១៤នាក់ (ប្រុស)

សមត្ថកិច្ច បានរកឃើញទីតាំងនេះ មានជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ប្រតិបត្តិការនេះ កម្លាំងជំនាញ បានដកហូតវត្ថុតាងរួមមាន៖
១- កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង
២- កុំព្យូទ័រលើតុ ចំនួន ១៧គ្រឿង
៣- ទូរសព្ទដៃ (អនឡាញ) ចំនួន ៥០គ្រឿង
៤- ទូរសព្ទដៃ (ផ្ទាល់ខ្លួន) ចំនួន ១៩គ្រឿង
៥- នាឡិកាដៃ ចំនួន ០៤គ្រឿង
៦- លិខិតឆ្លងដែនជនជាតិវៀតណាម ចំនួន ០៥ច្បាប់
៧- កាតធនាគារ ចំនួន ០៣សន្លឹក
៨- ប័ណ្ណស្នាក់នៅប្រទេសអារ៉ាប់ ចំនួន ០១សន្លឹក
៩- អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ចំនួន ០២សន្លឹក
១០- ប័ណ្ណបើកបរជនជាតិវៀតណាម ចំនួន ០១សន្លឹក
១១- កាបូបស្ពាយ ចំនួន ០៤
១២- ដុំWI-FI ចំនួន ០១
១៣- សម្ភារៈអេឡិចត្រូនិច (ក្ដាចុច និង ដៃបញ្ជា) មួយចំនួន
១៤- សៀវភៅស្នាក់នៅបណ្ដោះអាសន្ន ចំនួន ០១ច្បាប់
១៥- រថយន្ដ ចំនួន ០២គ្រឿង
– ម៉ាក MAXUS ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BQ-8314
– ម៉ាក អាល់ផាត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BZ-9869
១៦- ប្រាក់ដុល្លារ ចំនួន ៥០,០០០$
១៧- ក្រវិលពណ៌ស ចំនួន ០១គូរ
១៨- ខ្សៃក ពណ៌ទង់ដែង ចំនួន ០១ខ្សៃ។

ប្រភព ដដែលបន្តថា រហូតដល់ម៉ោង ២១ និង៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បានបន្តចុះទៅចំណុចអាផាតមិន គោមក្រហម ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបាននាំខ្លួនជនសង្ស័យ ចំនួន ១៤នាក់ (ស្រី ០៣នាក់) ក្នុងនោះ៖

– ជនជាតិចិន ចំនួន ០១នាក់ (ប្រុស) ត្រូវជាមេក្លោង និងជាប្ដីរបស់ជនសង្ស័យ ជនជាតិខ្មែរ ខាងលើ
– ជនជាតិវៀតណាម ចំនួន ១១នាក់ (ស្រី ០២នាក់)
– ជនជាតិខ្មែរ ចំនួន ០២នាក់ (ស្រី ០១នាក់)។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់ ៕

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង