ឪពុកប៉ងរំលោភ និងបំពានរាងកាយ កូនស្រីបង្កើត៧ដងទើបបែកការ ត្រូវសមត្ថកិច្ចចាប់ខ្លួន..
ខេត្តសៀមរាប ៖ សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ២០២៦ កម្លាំងនរគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ រស់នៅស្រុកប្រាសាទបាគង ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ និង បំពានផ្លូវភេទ លើកូនស្រីបង្កើតខ្លួនឯង ។
តាមរបាយការណ៍ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បង្ហាញថា កម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកប្រាសាទបាគង បានទទួលពាក្យបណ្ដឹងពីម្ដាយ ជនរងគ្រោះ ដោយចោទប្រកាន់លើប្ដីរបស់គាត់ ឈ្មោះ ប្រាក់ គីមឡេង អាយុ ៥៩ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានមុខរបរជាអ្នកសារព័ត៌មាន “អំណាចខ្មែរ”។ ស្ត្រីរូបនេះ បានចោទប្ដីរបស់គាត់ ថា បានបំពានផ្លូវភេទទៅលើកូនស្រី ឈ្មោះ ឡ គ ឡ អាយុ ១៥ឆ្នាំ ។
ចំណែក ជនរងគ្រោះ បានរៀបរាប់ប្រាប់នគរបាលថា ឪពុកខ្លួន ពិតជាបានប្រព្រឹត្តការបៀតបៀន មកលើខ្លួនពិតមែន សរុបចំនួន ៧លើក ។ ហើយលើកចុងក្រោយ មិនចាំថ្ងៃ គ្រាន់តែដឹងក្នុងខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ០០ នាទី នៅក្នុងផ្ទះ របស់ជនសង្ស័យ ។ តែកូនស្រីមិនព្រម ក៏ព្យាយាមរើបំរះ ទើបឪពុកប្រព្រឹត្ត មិនបានសម្រេច ។
ស្ត្រីរងគ្រោះ បន្ថែមថា ឪពុកនាង បានប្រព្រឹត្តទង្វើអសីលធម៌បែបនេះ ពេលម្ដាយនាងមិននៅផ្ទះ ទៅធ្វើការនៅរោងចក្រ ឯក្រុងភ្នំពេញ រយៈពេលមួយឆ្នាំមកហើយ ។ ហើយឪពុកនាង ក៏ឆ្លៀតឱកាសយកស្រីកំណាន់ មករស់នៅផ្ទះជាមួយ រយៈពេលមួយឆ្នាំនេះដែរ ។
ចំណែក ជនសង្ស័យ មិនព្រមសារភាពឡើយនៅចំពោះមុខសមត្ថកិច្ចទេ ប៉ុន្តែករណីនេះ មានសាក្សីម្នាក់ឈ្មោះ ឡ គ ល ភេទស្រី អាយុ ១១ឆ្នាំ ត្រូវជាកូនជនសង្ស័យបង្កើត បានឃើញសកម្មភាពឪពុក បំពានបងស្រីរបស់ខ្លួន ដោយផ្ទាល់ភ្នែក ថែមទៀតផង។
តែយ៉ាងណា សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យរូបនេះ ទៅកាន់តុលាការផ្តន្ទាទោស តាមច្បាប់៕



