ក្រសួងធនធានទឹក ក្រើនរំលឹកដល់អាជ្ញាធរដែនដីនិងពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃនៅរដូវប្រាំងនេះ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រើនរំលឹកជាថ្មី ដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងនាពេលខាងមុខ ជាពិសេសអ្នកតំបន់ជនបទដាច់ស្រយាល ឆ្ងាយពីប្រភពទឹក ខណៈរដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣នៃខែតុលា។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ថោ ជេដ្ឋា នៅថ្ងៃទី១៩ ខែតុលានេះ បានឱ្យដឹងថា តាមការព្យាករ និងការវិភាគលើស្ថានភាពវិវត្តន៍នៃអាកាសធាតុ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូមិអែលនីញ៉ូ (Elnino) នឹងស្ថិតក្នុងកម្រិត១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើងនៃឥទ្ធិពលខ្យល់មូសុងឥសាន នឹងនាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀត ដែលអាចកើតមានឡើងក្នុងតំបន់មួយចំនួន។
ការណ៍នេះ ក្រសួងបានណែនាំដល់មន្ទីររបស់ខ្លួននៅតាមរាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាប្រភពទឹកតាមអាងទឹក និងបឹងបួឱ្យបានល្អ និងត្រូវពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាអាទិភាព និងសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវប្រាំង និងដំណាំរួមផ្សំ។
តាមរយៈសេចក្តីជូនដំណឹងនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានក្រើនរំលឹកដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមបណ្តាតំបន់ដាច់ស្រយាលដែលឆ្ងាយពីប្រភពទឹក ត្រូវចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំង និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។
បើតាមការផ្សព្វផ្សាយនៅលើបណ្តញសង្គមហ្វេសប៊ុករបស់អង្គការយូនីសេហ្វ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បាតុភូត El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយ ដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឲ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់។
យូនីសេហ្វ បន្តថា ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផល ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានាដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ។
សម្រាប់នៅក្នុងប្រទេសកម្ពុជា យូនីសេហ្វ បានប៉ានប្រមាណថា កុមារប្រមាណ ១,៣ លាននាក់ ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុបង្កដោយ បាតុភូត Elniño នេះ៕


