កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាលើវិវាទព្រំដែនសមុទ្រកម្ពុជា-ថៃ បានបញ្ចប់ ហើយនិងបន្តប្រជុំលើកទី៣នៅខែវិច្ឆិកា
គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី១៨ ខែតុលាម្សិលមិញ ប៉ុន្តែកិច្ចប្រជុំនឹងបន្តធ្វើទៀតនៅសប្តាហ៍ទី៤នៃខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈគណៈកម្មការផ្សះផ្សា កត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា គណៈកម្មការផ្សះផ្សាក្រោមអនុញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ហើយអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ព្រមទាំងសម្រួលដល់ដំណោះស្រាយដោយសមហេតុផល និងមិត្តភាពស្របតាមច្បាប់អន្តរជាតិ។
ប៉ុន្តែក្នុងចំណោមវិធានការដែលបានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថា ពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។
ប្រភពដដែលបន្តថា ក្នុងកិច្ចប្រជុំនោះ គណៈកម្មការផ្សះផ្សា បានកត់សម្គាល់ថា កិច្ចព្រមព្រាង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពគ្នាពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ ដែលការណ៍នេះ គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ រួមទាំងវិធានការកសាងទំនុកចិត្តដែលបានលើកឡើងក្នុងកិច្ចប្រជុំលើកទី២នេះ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីជួយបង្កើតបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខណ្ឌដំណើរការផ្សះផ្សា។
ការណ៍នេះ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយភាគីកម្ពុជា និងថៃ បន្តទៀត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គួររំលឹកថា កិច្ចប្រជុំលើកទី១របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) រវាងប្រទេសកម្ពុជា និងប្រទេសថៃ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ ជាលទ្ធផលភាគីទាំងពីរ បានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការផ្សះផ្សា និងអនុម័តលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធី។
ក្នុងពេលបើកកិច្ចប្រជុំលើកទី១នោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា គោលបំណងចម្បងរបស់កម្ពុជា គឺដើម្បីសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងស្ថិរភាពរឹងមាំនៅក្នុងតំបន់។ លោកក៏បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការសម្រេចបាននូវសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា ដើម្បីកំណត់ព្រំដែនសមុទ្រមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឬកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍរួម និងការបែងចែកធនធានដោយសមធម៌ ខណៈពេលរងចាំការសម្រេចកិច្ចព្រមព្រៀងលើព្រំដែនសមុទ្រ។
ជម្លោះព្រំដែនកម្ពុជា-ថៃ បានកម្រើកឡើងវិញ រហូតឈានដល់ការផ្ទុះអាវុធប្រឈមមុខដាក់គ្នានៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនយ៉ាងតានតឹង ទាំងព្រំដែនគោក និងព្រំដែនទឹក កាលពីខែឧសភា និងខែធ្នូ ឆ្នាំ២០២៥។
ទោះបីជាមកដល់ពេលនេះ ស្ថានភាពបានធូរស្រាល ប៉ុន្តែភាគីថៃ នៅបន្តធ្វើសកម្មភាពមួយចំនួន ដូចជា រាយបន្លាលួស សាងសង់ផ្លូវ ជីកប្រឡាយ ដាក់ទូរកុងតឺន័រ ជាដើម រំលោភចូលដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ខណៈពលរដ្ឋភៀសសឹកកម្ពុជាប្រមាណជិត ២ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញបាននៅឡើយ។
ទោះជាយ៉ាងណា កម្ពុជាបានទទូចឱ្យភាគីថៃ គោរពសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅវិញ និងបន្តការវាស់វែងខណ្ឌសីមាព្រំដែនគោកដោយសន្តិវិធី។ ដោយឡែកសម្រាប់ព្រំដែនសមុទ្រ (តំបន់ទាមទារត្រួតគ្នា – OCA) ប្រទេសទាំងពីរកំពុងប្រើប្រាស់យន្តការផ្សះផ្សារបស់អង្គការសហប្រជាជាតិ (UNCLOS) ដែលបានជួបប្រជុំចំនួន២លើកមកនេះ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី៕


