យូនីសេហ្វ៖ កុមារកម្ពុជាប្រមាណ ១,៣លាននាក់ ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុដោយបាតុភូត El Nino
អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា (Uniecf Cambodia) បានឱ្យដឹងថា បាតុភូតអាកាសធាតុ El Niño (អែលនីញ៉ូ) នៅឆ្នាំ២០២៦-២០២៧ ត្រូវបានព្យាករណ៍ថា នឹងមានឥទ្ធិពលខ្លាំងក្លាជាងរាលឆ្នាំ ហើយកុមារប្រមាណ ១,៣លាននាក់នៅកម្ពុជា នឹងប្រឈមហានិភ័យនៃការបម្រែបម្រួលអាកាសធាតុបង្កដោយបាតុភូតអែលនីញ៉ូ ដែលបាតុភូតនេះនៅកម្ពុជាអាចនឹងចាប់ផ្តើមនៅអំឡុងចុងខែតុលា ឆ្នាំ២០២៦ ដល់ខែកុម្ភៈ ឆ្នាំ២០២៧។
យោងតាមការផ្សព្វផ្សាយនៅលើបណ្តញសង្គមហ្វេសប៊ុករបស់អង្គការយូនីសេហ្វ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បាតុភូត El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយ ដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឲ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់។
យូនីសេហ្វ បន្តថា ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានាដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ។
បើតាមយូនីសេហ្វ កុមារជាង ៣៤៧ លាននាក់ នៅតាមបណ្តាប្រទេសជិត ១០០ ទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងស្ថានភាពធាតុអាកាសស្ងួតហួតហែង ឬសើមខុសពីធម្មតា ហើយសម្រាប់នៅក្នុងប្រទេសកម្ពុជា កុមារប្រមាណ ១,៣ លាននាក់ ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុបង្កដោយ បាតុភូត El Niño។
ប្រភពដដែល បន្តទៀតថា សម្រាប់គ្រួសារនីមួយៗ បាតុភូតនេះអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផល ដែលបង្កើតសម្ពាធលើប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្ករការរំខានដល់ការសិក្សា និងសេវាសុខាភិបាលផងដែរ។
ចំណែកឯការវាយតម្លៃចុងក្រោយរបស់អង្គការនេះ បានបង្ហាញថា សាលារៀនជាង ៣.៨៧២ ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១ កន្លែង (ត្រូវជាប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស) កំពុងស្ថិតក្នុងហានិភ័យនៃការរងគ្រោះដោយគ្រោះធម្មជាតិរួមមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងទៀត។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើងនូវឥទ្ធិពលខ្យល់មូសុងឦសាន ព្រមទាំងការថយចុះនៃបរិមាណទឹកភ្លៀងជាបន្តបន្ទាប់ នឹងធ្វើឱ្យរដូវវស្សាប្រចាំឆ្នាំ២០២៦ បញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ នឹងស្ថិតក្នុងកម្រិត ១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
ក្រសួងបន្តថា ស្ថានភាពនេះ នឹងធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀត ដែលអាចកើតមានឡើងនៅតំបន់មួយចំនួននៃប្រទេសកម្ពុជា។
ការណ៍នេះ ក្រសួងបានអំពាវនាវដល់សាធារណជនចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំង នាពេលខាងមុខ ដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់៕


