បុរសវ័យ​៤៩ឆ្នាំម្នាក់ឆ្លងវីរុសផ្តាសាយបក្សី H5N1

បុរសវ័យ ៤៩ឆ្នាំម្នាក់ រស់នៅខេត្តឧត្តរមានជ័យ​ បានឆ្លង​វីរុ​សផ្តាសាយបក្សី (H5N1) ក្រោយ​បុរស​រូបនោះបាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​មាន់ឈឺ​ និង​ងាប់ នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់របស់ខ្លួន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​សុខាភិបាល ចេញផ្សាយនៅថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ ឱ្យដឹងថា មានករណីឆ្លង​ជំងឺ​ផ្តាសាយ​បក្សីប្រភេទ (H5N1) ​ចំនួន ០១ករណី កើតលើ​បុរស​អាយុ ៤៩ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួស ឃុំ​អូរស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តបន្ទាយមានជ័យ។

ក្រសួងបន្តថា បុរស​រូបនោះ ជាអ្នកចិញ្ចឹម និង​ថែទាំ​មាន់​នៅក្នុ​ងកសិដ្ឋាន ហើយ​បាន​ប៉ះពាល់ជាមួយ​មាន់ឈឺ​ និងងាប់ ដែល​ត្រូវ​បាន​រកឃើញ​ថា​មានវិជ្ជមាន​វីរុសផ្តាសាយ​បក្សី​ H5N1 ផងដែរ។

បច្ចុប្បន្ន បុរស​ជាអ្នកជំងឺរូបនោះ ត្រូវ​បាន​ដាក់​​ឱ្យសម្រាក​ដាច់ដោយឡែកនៅ​មន្ទីរពេទ្យ និង​កំពុ​ងទទួល​ការ​ព្យាបាល​​ពីក្រុមគ្រូពេទ្យ។

ក្រៅពីនោះ ក្រសួង​ បាន​និងកំពុង​សហការជាមួយ​​ក្រុមការងារ​នៃមន្ទីរ​កសិកម្មខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​អង្កេត​ស្រាវជ្រាវ​លើការ​កើត​ឡើង​នូវ​ជំងឺផ្តាសាយ​បក្សីនេះ និងស្វែងរក​ប្រភព​ចម្លង ទាំង​លើសត្វ និង​មនុស្ស​ ព្រមទាំងធ្វើយុទ្ធនាការ​អប់រំ​សុខ​ភាព​ប្រជាពលរដ្ឋ​នៅក្នុងភូមិ​កើតហេតុ​ផងដែរ។

ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយ​មួយ ដែលធម្មតា​ចម្លង​រវាង​សត្វបក្សី​ឈឺ ទៅ​បក្សីផ្សេងទៀត ប៉ុន្តែ​ជួន​កាល​​វាអាចចម្លង​ពីបក្សីទៅមនុស្ស តាមការ​ប៉ះពាល់​ជិត​ស្និត​ជាមួយ​បក្សីដែលឈឺឬងាប់។ ជំងឺ​ផ្តាសាយ​បក្សី​ឆ្លងលើមនុស្ស​​ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការ​ព្យាបាល​នៅមន្ទីរពេទ្យ​ឱ្យ​បាន​ទាន់​ពេល​វេលា ហើយ​បើទោះបីវា​មិនងាយ​​ឆ្លង​ពីមនុស្ស​ទៅមនុស្ស ប៉ុន្តែវា​អាច​បំប្លែង​ខ្លួនអាចឆ្លង ដូចនឹង​ជំងឺ​ផ្តាសាយ​តាមរដូវកាល​ផងដែរ។

ការណ៍នេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បង្កើនការ​ប្រុង​ប្រយ័ត្ន​លើជំងឺផ្តាសាយ​បក្សី​ ពី​ព្រោះ​ជំងឺ​នេះនៅតែ​បន្តគំរាម​កំហែង​ដល់​សុខភាពប្រជាពលរដ្ឋ ដូច្នេះ​ប្រសិន​បើមានអាការៈ​ក្តៅ​ខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និង​មានប្រវត្តិ​ធ្លាប់បានប៉ះពាល់​ជាមួយមាន់ទាឈឺ ឬងាប់ ក្នុង​អំឡុង​១៤​ថ្ងៃ មុនថ្ងៃចាប់​ផ្តើម​​មាន​រោគ​សញ្ញា សូមកុំទៅជួបជុំ ឬទៅទីប្រជុំជនដែលមានមនុស្ស​ច្រើន ហើយ​ត្រូវ​ប្រញាប់ទៅពិនិត្យ និងព្យាបាល​ជាបន្ទាន់ ចៀសវាងកា​រពន្យាពេល ធ្វើឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃការ​ស្លាប់ជា​យថាហេតុ។

គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦ នេះ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សី H5N1 លើមនុស្ស​សរុប​​ចំនួន ៦ ករណី ហើយ ក្នុងនោះក៏មានករណីឆ្លងលើ​កុមារ​អាយុ ៣ឆ្នាំ ឆ្លងលើស្ត្រីអាយុ ៦៦ឆ្នាំ​ និងកុមារីអាយុ ៩ខែ​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង