ជនជាតិខ្មែរនិងបរទេសជិត៥ពាន់ ត្រូវជាប់ឃុំ ខណៈនគរបាល៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជា បានចាប់ឃាត់ខ្លួន ជនជាតិខ្មែរ និងបរទេស ជាប់ពាក់ព័ន្ធសំណុំរឿង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បានវំនួន ៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួន ជាបន្តបន្ទាប់ ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ២៣កន្លែងទូទាំងប្រទេស។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ការឃាត់ខ្លួននេះ មិនមែនមានតែជនស៊ីវិលនោះទេ គឺក៏មាន មន្រ្តីនគរបាលជាតិ ៧៧នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃ សម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិត នៃទោស ដែលបានប្រព្រឹត្ត ។
អ្នកនាំពាក្យរង បន្តថា ក្នុងចំណោមជនជាប់ឃុំសរុបជិត ៥ពាន់នាក់ គឺមានជនជាតិខ្មែរចំនួន ៤៩១នាក់ និងជនបរទេសចំនួន ៤.៣៤៣នាក់ មកពី ២៧ សញ្ជាតិផ្សេងៗគ្នា។
ជនជាប់ឃុំទាំងនោះ ត្រូវបានបែងចែកជា ៤ប្រភេទច្បាស់លាស់ គឺ
ទី១- ជនត្រូវចោទមានចំនួន ៤.១៦៨នាក់ ដែលជាជនរងការចោទប្រកាន់ជាស្ថាពរពី តំណាងអយ្យការនៅតាមសាលាដំបូងរាជធានី-ខេត្ត
ទី២- ជនជាប់ចោទ មានចំនួន ៤៤១នាក់ សំដៅលើជន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រង និងដំណើរការស៊ើបសួរ។
ទី៣- ពិរុទ្ធជន មានចំនួន ១៩៤នាក់ ត្រូវបានចៅក្រមជំនុំជម្រះបើកសវនាការ សម្រេចផ្ដន្ទាទោសរួចរាល់ ប៉ុន្តែសាលក្រមមិនទាន់ចូលជាស្ថាពរ ដោយសារសាមីខ្លួន នៅមានសិទ្ធិប្ដឹងតវ៉ាតាមផ្លូវច្បាប់
ទី៤- ទណ្ឌិតមានចំនួន ៣១នាក់ ដែលជាជនរងសាលក្រមចូលជាស្ថាពរ និងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ឬពិន័យជាប្រាក់តាមការកំណត់របស់តុលាការ។
លិក ទូច សុឃៈ បញ្ជាក់ទៀតថា ក្នុងចំណោមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៣ នៅទូទាំងប្រទេស គឺមានពន្ធនាគារចំនួន ៥ ដែលមានចំនួនជនជាប់ឃុំពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ រួមមាន ៖ ពន្ធនាគារខេត្តស្វាយរៀង នៅលំដាប់ថ្នាក់លេខ១ បន្ទាប់មកគឺ ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តបន្ទាយមានជ័យ មណ្ឌលអប់រំកែប្រែទី១ (ម១) និងពន្ធនាគារខេត្តកោះកុង។
ដោយឡែក ចំពោះមន្រ្តីនគរបាលជាតិ រងទណ្ឌកម្មវិន័យ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ទូច សុឃៈ បានលើកឡើងអំពីចំណាត់ការវិន័យផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ ។ ក្នុងនោះចំពោះករណីពាក់ព័ន្ធស្រាល ឬសើរៗ ក្រសួងបានអនុវត្តទណ្ឌកម្មវិន័យស្របតាម «ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤» ដូចជា ៖ ការព្រមានលើកទី១ ការបន្ថយឋានន្តរស័ក្តិ ការផ្អាកការងារ និងបៀវត្សរ៍បណ្តោះអាសន្ន រហូតដល់ការដកហូត ឬបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ។
លោកសង្កត់ធ្ងន់ថា ចំពោះមន្ត្រីណា ដែលមានការពាក់ព័ន្ធធ្ងន់ធ្ងរឈានដល់ បទល្មើសព្រហ្មទណ្ឌ គឺសមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ ៕


