PM ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការករណីរត់ពន្ធទំនិញខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន.!

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានទទួលជនសង្ស័យចំនួន ០២នាក់ ពីលោកអនុសេនីយ៍ទោ កែវ សុខចាន់ មេបញ្ជាការកងអនុសេនាធំទី១ វរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់ (ថ្នាំស៊ីរ៉ូក្អក) ដែលប្រព្រឹត្តកាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង២នាក់ មានឈ្មោះ ណយ វី ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ផលលីន ភេទប្រុស អាយុ ២៦ឆ្នាំ ព្រមទាំងវត្ថុតាងថ្នាំស៊ីរ៉ូក្អក ម៉ាក DATISSIN ចំណុះ ៦0មីលីលីត្រ ចំនួន០៦កេស សរុបចំនួន១,១៥០ដប ។

ជនសង្ស័យបានសារភាពថា ក្រុមខ្លួន និងបក្ខពួកផ្សេងទៀត ពិតជាបានធ្វើសកម្មភាពដឹកជញ្ជូនថ្នាំស៊ីរ៉ូក្អក ម៉ាកDATISSIN យកចេញពីប្រទេសថៃ ឆ្លងចូលមកប្រទេសកម្ពុជា តាមអូរព្រំដែនដោយខុសច្បាប់ពិតប្រាកដមែន ដោយតាមការណែនាំ របស់មេក្លោងឈ្មោះ សំរើន (ស៊ុនរ៉ើន) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (រត់គេចខ្លួន) ចំនួន០២លើក ដោយទទួលបានកម្រៃឈ្នួលចំនួន ២០,០០០(ពីរម៉ឺន)រៀលក្នុង០១លើក។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថាជន សង្ស័យទាំង២នាក់ ក៏ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនវិជ្ជមាន(+) ។ ហើយក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំណែកមេក្លោង ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តនេះ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង