វត្ថុតាងបារីក្លែងក្លាយ និងសម្ភារផលិតប្រមាណ ៤០០តោន ត្រូវអាជ្ញាធរខេត្តត្បូតឃ្មុំ ដុត​ចោល​

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចពាក់ព័ន្ធដឹកនាំដោយ លោក លី សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីដុតបំផ្លាញចោលត្ថុតាងបារីក្លែងក្លាយ សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ សម្រាប់ផលិតបារីក្លែងក្លាយសរុបប្រមាណ ៤០០តោន តាមដីកាសម្រេច របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។

​ពិធីនេះប្រារព្ធឡើងនៅទីតាំងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី​ ប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត តំណាងស្ថាប័នអយ្យការតុលាការ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីតំណាង HIS សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្ថានតំណាងគយបារាំង ភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធជាច្រើនរូប ។

លោក លី សុផាន់ណា បានឲ្យដឹងថា វត្ថុតាង ដែល​បាននាំយកមកដុតកម្ទេចចោលពេលនេះ រួមមាន ៖ បារីក្លែងក្លាយជាង ៦០ម៉ាក ដូចជាម៉ាក Marlboro, ESSE, MEVIUS, 555, MEVIUS, Camel, Winston, Seven Stars រួមទាំងបារីចិន និងបារី ម៉ាកបរទេសជាច្រើនទៀត សរុបប្រមាណ ៤០០តោន។ លោកថា វត្ថុតាងទាំងនេះ គឺជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាប របស់សមត្ថកិច្ចជំនាញ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលកម្លាំងសមត្ថកិច្ចចម្រុះ បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងរោងចក្រចំនួន ៦កន្លែង និងឃ្លាំងស្តុក ១កន្លែង នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។

លោកបន្តថា ការដុតបំផ្លាញវត្ថុតាងនៅថ្ងៃនេះ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបការផលិត ការជួញដូរ ចរាចរណ៍ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ។ លើសពីនេះ សកម្មភាពនេះ ក៏ជាការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ធានាសុវត្ថិភាពសង្គម និងបង្កើនការគាំទ្រ ព្រមទាំងទំនុកចិត្តដល់វិនិយោគិន និងប្រជាពលរដ្ឋដែលរកស៊ីត្រឹមត្រូវ តាមផ្លូវច្បាប់ផងដែរ ។

លោក លី សុផាន់ណា បន្តទៀតថា វត្ថុតាងទាំងអស់ត្រូវបានដុតកម្ទេច ដោយផ្ទាល់នៅនឹងកន្លែង ដើម្បីធានាអះអាងថា គ្រឿងសម្ភារខុសច្បាប់ទាំងនេះ ត្រូវបានកំទិចទាំងស្រុង មិនអាចហូរចូលទីផ្សារជាថ្មីបានឡើយ។  លោកបន្ថែមថា ការបង្ក្រាបទីតាំងផលិត និងការដុតបំផ្លាញវត្ថុតាងម៉ាកបារីក្លែងក្លាយនេះ បានធ្វើឡើងជាបន្តបន្ទាប់ស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងសេដ្ឋកិច្ចជាតិ ៕

អត្ថបទដែលជាប់ទាក់ទង