ក្លិនស្អុយចេញពី ក្រុមហ៊ុនកែឆ្នៃដំណាប់ផ្លែឈើ នៅតែជាបញ្ហាចោទ សម្រាប់ពលរដ្ឋ រស់នៅតាមតំបន់មួយចំនួន ក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ អ្នកធ្វើការងារផ្នែកការពារបរិស្ថាន បន្តព្រួយបារម្ភពីផលប៉ះពាល់នៃការបំពុលបរិស្ថាន របស់ ក្រុមហ៊ុនកែឆ្នៃដំណាប់ផ្លែឈើ នៅខេត្តព្រះសីហនុ នារដូវភ្លៀងធ្លាក់ឆ្នាំនេះ ព្រោះអាចនឹងមានហានិភ័យកាន់តែធ្ងន់ធ្ងរ ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅតំបន់មួយចំនួន ដែលទាមទារឲ្យ ក្រសួងឬស្ថាប័នជំនាញ មានវិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាពយូរអង្វែង។
មន្ត្រីបរិស្ថានថា បានចុះអនុវត្តរឹតបន្តឹងការងារនេះរួចហើយៗ ក៏មានវិធានការក្តៅ ជាមួយក្រុមហ៊ុនទាំងនោះ ជាបន្តបន្ទាប់រួចហើយដែរ។
អ្នកធ្វើការងារពាក់ព័ន្ធផ្នែការការពារបរិស្ថានមួយចំនួន នៅខេត្តព្រះសីហនុ បានលើកឡើងពីផលប៉ះពាល់ នៃការបំផុលបរិស្ថាន របស់ក្រុមហ៊ុនកែឆ្នៃដំណាប់ផ្លែឈើមួយចំនួន មានទីតាំងនៅស្រុកកំពង់សិលា និងក្រុងកំពង់សោមជាដើម ដែលបានបង្ហូរទឹកកខ្វក់ចូលដៃព្រែក ឬដៃសមុទ្រ និងជះក្លិនស្អុយសាយភាយ ចេញពីរោងចក្រ ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ។
លោក សុខ សុខុម ប្រធានអង្កការ ស្រឡាញ់ធនធានធម្មជាតិ ហៅកាត់ ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំខេត្តព្រះសីហនុ បានឲ្យគេហទំព័រ “កមហពុជាថ្ងៃនេះ” ដឹងនៅថ្ងៃអង្គារ៍ ទី២៦ ខែឧសភានេះ ដោយបានជម្រុញឲ្យ ក្រសួងមន្ទីរបរិស្ថាន ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ត្រូវមានវិធានការច្បាប់តឹងរឹង ជាមួយក្រុមហ៊ុន ឬសិប្បកម្មកែឆ្នៃដំណាប់ផ្លែឈើ ទាំងអស់ ដែលការធ្វើអាជីវកម្ម របស់ខ្លួន ប៉ះពាល់ដល់ការរស់នៅ របស់ពលរដ្ឋក្នុងមូលដ្ឋាន និងប៉ះពាល់ដល់ជីវចម្រុះ នៅតាមព្រែក ឬតាមសមុទ្រ ក្នុងករណីបង្ហូរកាកសំណល់មានសារធាតុគីមី មិនឆ្លងកាត់អាងចម្រោះទឹកស្អាត ឲ្យបានត្រឹមត្រូវជាមុន។
លោកឲ្យដឹងបន្ថែមដូច្នេះ៖ « ខ្ញុំជាសង្គមស៊ីវិលសូមឲ្យក្រសួងបរិស្ថាន ចាត់វិធានការតាមផ្លូវច្បាប់ ហើយផាកពិន័យ។ ហើយបើក្រុមហ៊ុនទាំងនោះ គ្មានឧបករណ៍ចម្រោះប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ ឲ្យបានស្អាតទេ គួរតែបិទទៅកុំឲ្យដំណើរការ។ ពីព្រោះបើទុកឲ្យដំណើរការ ការបង្ហូរទឹកកខ្វក់ហ្នឹង ប៉ះពាល់ដល់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុជាបន្តទៀតហើយ។ អញ្ចឹងគួរតែក្រសួងបរិស្ថាន ដែលជាស្ថាប័នជំនាញ ពិនិត្យមើលឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ផង។»
អ្នកការពារបរិស្ថានរូបនេះ បន្តថា ចំពោះករណីបង្ហូរទឹកកខ្វក់ចេញពីក្រុមហ៊ុនឬរោងចក្រ កែឆ្នៃដំណាប់ផ្លែឈើ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុន ចូលទៅក្នុងដៃព្រែទឹកសាប ឬចូលទៅសមុទ្រ គួរត្រូវលុបបំបាត់ ឲ្យបានជាស្ថាពរ។ ដ្បិតបានក្លិនស្អុយបានប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រកបមុខរបរ និងសុខភាព របស់ពលរដ្ឋ ដែលមានផ្ទះនៅជុំវិញរោងចក្រទាំងនោះ។
ស្រដៀងគ្នាដែរសម្រាប់ លោក ជិន វណ្ណៈ ប្រធានអង្គការការពារបរិស្ថាន មានមូលដ្ឋានក្នុងខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា សកម្មភាពបង្ហូរទឹកស្អុយ ឬទឹកកខ្វក់ មិនឆ្លងកាត់អាចចម្រោះទឹកស្អាត របស់ក្រុមហ៊ុនកែឆ្នៃដំណាប់ផ្លែឈើ នៅក្នុងខេត្តព្រះសីហនុ នៅតែជាបញ្ហាប្រឈម ជាពិសេសនៅរដូវមានភ្លៀងធ្លាក់នេះ។ លោកថា ករណីនេះ បានជះក្លិនស្អុយ ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលមានផ្ទះ រស់នៅជុំវិញក្រុមហ៊ុនឬរោងចក្រ និងប៉ះពាល់ដល់បរិស្ថានក្នុងទឹក ពេលបង្ហូរកាកសំណល់រាវ មានសារធាតុគីមី ចូលទៅក្នុងសមុទ្រ នាំឲ្យប៉ះពាល់ដល់ជីវចម្រុះ ឬធនធានត្រីជាដើម ដែលទាមទារឲ្យ ថ្នាក់ដឹកនាំក្រសួងមន្ទីរជំនាញ ជាពិសេស អភិបាលខេត្តព្រះសីហនុ ជួយមានវិធានការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព។
លោកបន្តថា៖ « ស្នើឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងធ្វើអាងចម្រោះ ហើយចម្រោះទឹកកខ្វក់ហ្នឹងឲ្យស្អាតរួចហើយ ចាំឲ្យបង្ហូរចូលព្រែក ទើបមិនប៉ះពាល់ដល់ជីវចម្រុះ។ តែបើក្រុមហ៊ុនអត់ធ្វើអាងចម្រោះទឹកស្អាតទេ គឺប៉ះពាល់ច្រើន គឺប៉ះពាល់ដល់មច្ឆា ប៉ះពាល់ដល់ជីវចម្រុះ និងប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ គឺប៉ះពាល់ច្រើនទែន។ តែបើក្រុមហ៊ុនធ្វើអាងចម្រោះហើយៗ ចម្រោះទឹកស្អុយហ្នឹងហើយ ចាំបង្ហូរទឹកហ្នឹងចូលព្រែកទៅ គឺទឹកហ្នឹង អត់មានជាតិពុល ហើយចាំបង្ហូរចូលព្រែកទៅ គឺទឹកហ្នឹង អត់មានប៉ះពាល់អីទេ។»
អ្នកការពារបរិស្ថានរូបនេះ ចង់ឃើញ មន្ត្រីស្ថាប័នជំនាញ ចុះអនុវត្តច្បាប់ ចំពោះក្រុមហ៊ុន ឬរោងចក្រ ក៏ដូចជាសិប្បកម្ម កែឆ្នៃដំណាប់ផ្លែឈើ មានផ្លែស្វាយ ជាដើម នៅក្នុងមូលដ្ឋាន ឲ្យប្រសិទ្ធភាពយូរអង្វែង ខណៈកន្លងមក ម្ចាស់ទីតាំងទាំងនេះ បានអនុវត្តត្រឹមតែក្នុងអំឡុងពេល មន្ត្រីជំនាញ បានចុះទៅធ្វើកំណត់ហេតុឬកិច្ចសន្យា ដោយអនុវត្តតាមត្រឹមមួយដង្ហើមចង្រិតប៉ុណ្ណោះ។

ឆ្លើយតបបញ្ហានេះ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សិលា បានឲ្យសារព័ត៌មាន “កមហពុជាថ្ងៃនេះ” នៅថ្ងៃអង្គារ៍ថា បើមានក្រុមហ៊ុនកែឆ្នៃដំណាប់ផ្លែឈើ នៅក្នុងមូលដ្ឋាននេះ មិនអនុវត្តតាមការណែនាំ របស់ជំនាញពាក់ព័ន្ធទេ គឺពលរដ្ឋអាចផ្តល់ព័ត៌មាន មកអាជ្ញាធរស្រុក ដើម្បីឲ្យអាជ្ញាធរ ស្នើសុំអន្តរាគមន៍បន្តទៅមន្ត្រីស្ថាប័នជំនាញ ឲ្យចុះអន្តរាគមន៍ជាក់ស្តែង។ លោកបន្តថា ថ្មីៗនេះ ក៏មានករណីម្ចាស់ទីតាំងមួយកន្លែង ឈ្មោះ ឆាយ ជាងហេង បាននាំយកកាកសំណល់ផ្លែស្វាយ ទៅស្រុកទុកក្នុងស្រះទឹក និងលើដីស្រែទំហំប្រមាណ ២ហិចតា នាំឲ្យជះ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះពិតមែន។ ប៉ុន្តែលោកថា ករណីនេះ ត្រូវបានមន្ត្រីជំនាញរួមជាមួយអាជ្ញាធរស្រុកកំពង់សិលា ចុះអន្តរាគមន៍ និងតម្រូវឲ្យម្ចាស់ទីតាំងនោះធ្វើកិច្ចសន្យា បញ្ឈប់នាំចូលសំណល់ស្វាយ មកកាន់ទីតាំងនេះតទៅទៀត។ ហើយក៏បានតម្រូវឲ្យសំអាតអនាម័យបរិស្ថាន ទីតាំងនេះឲ្យមានអនាម័យដូចមុនវិញ។
ចំណែក លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ពិតជាមានក្រុមហ៊ុនកែឆ្នៃផ្លែឈើ ឬដំណាប់ស្វាយ នៅស្រុកកំពង់សិលា និងក្រុងកំពង់សោម មិនបានគ្រប់គ្រងកាកសំណល់ របស់ខ្លួន ឲ្យបានត្រឹមត្រូវតាមស្តង់ដារពិតមែន។ ហើយថា ករណីនេះ មន្ត្រីជំនាញរបស់លោក ក៏បានចុះណែនាំ និងធ្វើកិច្ចសន្យា ក្រុមហ៊ុនទាំងនោះរួចហើយ។ លោកព្រមានថា នៅថ្ងៃអនាគត នឹងមានវិធានច្បាប់ឲ្យបានធ្ងន់ធ្ងរ បើក្រុមហ៊ុនទាំងនោះ គឃ្លើនមិនអនុវត្តតាមការណែនាំ របស់មន្ត្រីជំនាញ។
លោកបន្តថា៖ « ទាក់ទងក្រុមហ៊ុនដំណាប់ស្វាយ នៅស្រុកកំពង់សិលា ក៏ដូចជានៅក្រុងកំពង់សោម ទឹកសាបយើងនេះ ពិតជាមានការសាយភាយក្លិនពិតមែន។ ហើយតាមការពិតមកពីក្រុមហ៊ុនដឹកជញ្ជូនសំបកស្វាយ សំបកដំណាប់ផ្លែឈើហ្នឹង មកកាន់ទីលានទុកដាក់សំរាម ឬទុកដាក់កាកសំណល់ឧស្សាហកម្មហ្នឹង គឺគាត់បានទុកឲ្យលើសថ្ងៃកំណត់។ ប៉ុន្តែក្រោយពេលមន្ត្រីជំនាញបរិស្ថានចុះទៅពិនិត្យពន្យល់ណែនាំគាត់ទៅ គឺគាត់បានអនុវត្តតាមផែនការហ្នឹងហើយ។»
ទាក់ទិនបញ្ហានេះដែរ ប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះរស់នៅជិតក្រុមហ៊ុន កែឆ្នៃផ្លែឈើ (Chin huay(cambodia)co,HD) , ក្រុមហ៊ុនទីលានទុកដាក់សំណល់រឹងឧស្សាហកម្ម របស់ក្រុមហ៊ុនសន្យាពេជ្រ ត្រេឌិង មានទីតាំងនៅក្រុងកំពង់សោម និងពលរដ្ឋមួយចំនួនទៀត មានផ្ទះរស់នៅក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលាជាដើម បានលើកពីការសាយភាយនៃក្លិនស្អុយ ចេញពីរោងចក្រកែច្នៃផ្លៃឈើទាំងនោះ និងបានស្នើកិច្ចអន្តរាគមន៍ ពីអាជ្ញាធរជួយទប់ស្កាត់ក្លិនស្អុយ ឲ្យមានប្រសិទ្ធភាពយូរអង្វែង។
កង្វល់នេះ ប្រជាពលរដ្ឋមួយចំនួន បានអះអាងថា ចំពោះកាកសំណល់រឹង ឬរាវ និងក្លឹនស្អុយ ដែលជះចេញពីក្រុមកែឆ្នៃផ្លែឈើចេញក្រុមហ៊ុនខាងលើ គឺអាជ្ញាធរ ទប់ស្កាត់មិនមានប្រសិទ្ធភាពយូរអង្វែងទេ។ មានន័យថា ក្រុមហ៊ុនអនុវត្តតាម តែនៅពេលមន្ត្រីចុះទៅពិនិត្យ ឬធ្វើកិច្ចសន្យា ដោយអនុត្តតាមក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដែលធ្វើឲ្យពួកគាត់ បាត់បង់ជំនឿនិងទំនុកចិត្ត ទៅលើការដឹកនាំ របស់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ទៀតហើយ៕



















