អាជីវកររស់នៅក្រុងព្រះសីហនុ ព្រួយបារម្ភពីករណីប្លន់ប្រដាប់អាវុធ បង្កដោយជនជាតិចិន
ខេត្តព្រះសីហនុ ៖ បទល្មើសប្លន់ប្រដាប់អាវុធ បង្កការភ័យខ្លាចដល់ពលរដ្ឋ ពិសេសអាជីវករ រស់នៅក្រុងព្រះសីហនុ ខណៈថ្មីៗនេះមានជនល្មើសជនជាតិចិន បានចេញធ្វើសកម្មភាព នៅតាមទីតាំងនានា ពិសេសហាងបញ្ចាំមួយកន្លែងក្នុងក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ សមត្ថកិច្ចទទួលស្គាល់ថា ចាប់តាំងពីយុទ្ធនាការបង្ក្រាប Scams Online និងបិទទ្វារទីតាំងកាស៊ីណូ និងអាគារពាណិជ្ជកម្មមួយចំនួន ឃើញមានជនបរទេស ចេញធ្វើសកម្មភាពល្មើសជាបន្តបន្ទាប់។
អាជីវករក៏ដូចជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត ខណៈសង្កេតឃើញមានជនបរទេស ពិសេសជនជាតិចិន បានចេញធ្វើសកម្មភាពបទល្មើសផ្សេងៗ ពិសេសប្លន់ប្រដាប់អាវុធ ក្នុងមូលដ្ឋានក្រុងនេះ បង្កឲ្យមានការភ័យខ្លាចដល់ពលរដ្ឋ។
ការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីមានករណី ប្លន់ប្រដាប់អាវុធមួយករណីទៀត បង្កឡើងដោយជនប្រដាប់អាវុធជនជាតិចិន ចំនួន០២នាក់ ចេញធ្វើសកម្មភាពប្លន់ ហាងបញ្ចាំមួយកន្លែង មានទីតាំងនៅចំណុចចំការស្ពៃ ខាងក្រោយសាលាកម្មករ ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ នៅម៉ោងប្រមាណ ១១យប់ថ្ងៃទី២៩ ខែមេសាថ្មីៗនេះ។
លោក ទិត្យ ផល្លា ជាអាជីវករម្នាក់ រស់នៅក្រុងព្រះសីហនុ បង្ហាញកង្វល់ចំពោះសុវត្ថិភាពក្នុងការរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ដ្បិតសង្កេតឃើញថា រាល់ថ្ងៃនេះមានជនបរទេសមួយចំនួន បានចេញធ្វើសកម្មភាព លួចម៉ូតូ គាស់ផ្ទះ និងចេញប្លន់ប្រដាប់អាវុធជាដើម។ លោកថា ករណីនេះ បើសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ មិនរិតបន្តឹងការត្រួតពិនិត្យ សកម្មភាពជនបរទេស ដែលរស់នៅក្នុងក្រុងនេះ ឲ្យបានច្បាស់លាស់ទេ នឹងមានហានិភ័យធ្ងន់ធ្ងរនៅថ្ងៃអនាគត។ លោកបន្តថា រាល់ថ្ងៃនេះឃើញ មានជនបរទេសមួយចំនួន អត់ការងារធ្វើ ហើយចេញបង្កបទល្មើសផ្សេងៗ ក្រោយសមត្ថកិច្ច ចុះបង្ក្រាបបទល្មើស Scams Online និងបិទទ្វារទីតាំងកាស៊ីណូ ឬទីតាំងជាប់ពាក់ព័ន្ធបទល្មើសមួយចំនួន ក្នុងព្រះសីហនុ។
ផ្តើមពីបញ្ហានេះ នាំឲ្យពលរដ្ឋរស់នៅក្រុងព្រះសីហនុ បង្ហាញការព្រួយបារម្ភ និងសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងសកម្មភាពចុះទប់ស្កាត់បទល្មើស ដែលតែងកើតមានក្នុងក្រុងព្រះសីហនុនេះ ឲ្យបានជាប្រចាំទេ ដើម្បីកុំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសអ្នកវិនិយោគទុនបរទេស នាថ្ងៃអនាគត។
អាជីវករផ្សេងទៀតរស់នៅក្រុងព្រះសីហនុ លោក សុខ ប៊ុណ្ណា ក៏បង្ហាញការព្រួយបាម្ភពីសុវត្ថិភាព ក្នុងការប្រកបបរបរទទួលទាន និងសុវត្ថិភាពក្នុងការរស់នៅ ដូចពលរដ្ឋដទៃទៀតដែរ។ លោកស្នើឲ្យកម្លាំងសមត្ថកិច្ចជំនាញ បន្តពង្រឹងសកម្មភាពចុះល្បាត និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ ឲ្យបានជាប្រចាំ។ ជាពិសេសចុះត្រួតពិនិត្យវត្តមានជនបរទេស ដែលចូលមករស់នៅ និងប្រកបមុខរបរ នៅតាមតំបន់ប្រមូលផ្តុំស្មុគស្មាញ ឲ្យច្រើនជាងរាល់ថ្ងៃនេះ។
លោកថា ក្នុងនាមពលរដ្ឋម្នាក់ គឺមានការព្រួយបារម្ភបំផុតពីសុវត្ថិភាព ក្នុងការប្រកបមុខរបរទទួលទាន ព្រោះមូលដ្ឋាននេះ តែងកើតមានបទល្មើសផ្សេងៗរួមមាន៖ ឃាត់កម្មបាញ់សម្លាប់មនុស្ស នៅកណ្តាលក្រុង ហើយជនល្មើសអាចគេចខ្លួនដោយសុវត្ថិភាព , ចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ , ចោរកម្មលួចម៉ូតូ ចោរគាស់ផ្ទះ ឆក់ ប្លន់ និងចរាចរណ៍គ្រឿងញៀនជាដើម បានបន្តកើតមានជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយចុះ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការព្រួយបារម្ភ ឬកង្វល់ របស់ប្រជាពលរដ្ឋ ឬអាជីវករមួយចំនួន រស់នៅក្រុងព្រះសីហនុ បាននៅឡើយទេ នៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។ ខណៈ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏មិនទាន់អាចស្នើសុំការបំភ្លឺបាននៅឡើយដែរ។
ទោះជាបែបនេះក្តី លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យ គេហទំពរ “កម្ពុជាថ្ងៃនេះ” ដឹងថា ចំពោះបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាននេះ កម្លាំងជំនាញពាក់ព័ន្ធ បានបន្តចុះល្បាត និងដាក់គោលដៅត្រួតពិនិត្យទាំងយប់ថ្ងៃ មិនធ្វេសប្រហែសទេ។ ជាពិសេសបទល្មើសគ្រឿងញៀន និងចោរកម្មជាដើម គឺបានឃាត់ខ្លួនជនសង្ស័យបានជាច្រើនករណីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស។
លោកទទួលស្គាល់ថា កាលពីយប់ថ្ងៃទី២៩ ខែមេសា ពិតជាមានករណីមានបទល្មើសប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាពប្លន់ ហាងបញ្ចាំមួយកន្លែងក្នុងក្រុងព្រះសីហនុពិតមែន។ ហើយករណីនេះ សមត្ថកិច្ចជំនាញ ក៏បានចុះអន្តរាកមន៍ចាប់ខ្លួន ជនសង្ស័យជនជាតិចិន បានចំនួន ០២នាក់ភ្លាមៗ បញ្ជូនទៅកាន់តុលាការផ្តទ្ទាទោសផងដែរ។
លោកអធិការស្នើឲ្យពលរដ្ឋ ឬសាធារណៈជន ជួយផ្តល់ព័ត៌មានមកសមត្ថកិច្ច ពេលឃើញបទល្មើសអ្វីមួយកើតឡើង នៅតាមមូលដ្ឋាន របស់ខ្លួន ដើម្បីឈានទៅបញ្ជូនកម្លាំងចុះអន្តរាគមន៍ បង្ក្រាបឬទប់ស្កាត់ ឲ្យបានទាន់ពេល។
ជុំវិញបទល្មើសនេះដែរ លោក សន ជ័យ នាយកប្រតិបត្តិអង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) មើលឃើញថា នឹងអាចប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកវិនិយោគទុននាថ្ងៃអនាគត បើអាជ្ញាធរ ឬសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ មិនពង្រឹងយន្តការទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋានេះ ឲ្យបានប្រសើរជាងរាលថ្ងៃនេះទេ។
លោកបន្តថា ចំពោះបទល្មើសប្លន់ប្រដាប់អាវុធ និងបទល្មើសឃាត់កម្ម បាញ់សម្លាប់ ថៅកែកាស៊ីណូជនជាតិចិនតៃវ៉ាន់ នៅកណ្តាលក្រុងព្រះសីហនុ កាលពីប៉ុន្មានខែមុន ហើយសមត្ថកិច្ចចាប់ជនដៃដល់មិនបាន គឺបានបង្កការភ័យខ្លាចដល់សាធារណៈជន ពិសេសភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគទុនធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយចុះ លោក សេក សុជាតិ អ្នកស្រាវជ្រាវការសិក្សាផ្នែកផ្នត់គំនិត និងស្រាវជ្រាវ មានជំនឿថា សមត្ថកិច្ច នឹងអាចឈានទៅទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ ដែលកើតមាននៅខេត្តទេសចរណ៍ និងមានសក្តានុពលសេដ្ឋកិច្ចដ៏ធំមួយ បន្ទាប់ពីរាជធានីភ្នំពេញ បានប្រសើរឡើងវិញ តាមរយៈការពង្រឹងយន្តការដឹកនាំ ដ៏មានប្រសិទ្ធភាព។
លោកថា បើកាលណាក្រុងដ៏ស៊ីវិល័យមួយនេះ អាចរក្សាសន្តិសុខសុវត្ថិភាពបានប្រសើរឡើងវិញ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគ នៅថ្ងៃអនាគត។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមីនា មានករណីខ្មាន់កាំភ្លើងមួយក្រុម បានបើកការបាញ់សម្លាប់ ថៅកែកាស៊ីណូ ជនជាតិតៃវ៉ាន់ម្នាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងកណ្តាលក្រុងព្រះសីហនុ ហើយខ្មាន់កាំភ្លើងបាន រត់គេចខ្លួនដោយសុវត្ថិភាព។ គិតមកដល់ថ្ងៃទី០១ ខែឧសភានេះ សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវចាប់ខ្លួនជនល្មើស មកផ្តន្ទាទោស ឬបង្ហាញមុខ ឲ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈនៅឡើយទេ៕

















