ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម បានផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មដ៏សម្បូរ

ខេត្តព្រះសីហនុ ៖ រដ្ឋមន្ត្រីកហរសួងទេសចរណ៍ លោក ហួត ហាក់ ចាត់ទុក ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម បានផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មដ៏សម្បូរបែប របស់កម្ពុជា ប្រកបដោយគុណភាព ស្តង់ដា និងចីរភាពទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានអញ្ជើញចូលទស្សនាស្តង់ពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនេះ ។

លោកមានប្រសាសន៍បែបនេះ នាឱកាសចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ។

នាឱកាសនោះ លោករដ្ឋមន្ត្រី រួមជាមួយ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានទស្សនា ស្តង់តាំងពិព័រ ចំនួន ៦៥ស្តង់ ក្នុងចំណោមស្តង់២២៥ ដែលរួមមាន ៖ ស្តង់ទេសចរណ៍ ស្តង់ពាណិជ្ជកម្ម ស្តង់ឧស្សាហកម្ម ស្តង់អាជ្ញាធរខេត្ត-ក្រុង-ស្រុក សហគមន៍ សមាគម ស្តង់ផលិតផលផលក្នុងស្រុកចម្រុះ ផលិតផលសិប្បកម្មប្រពៃណីធ្វើដោយខ្មែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អ សម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយ អ្នកប្រើប្រាស់, ការបង្កើតឱកាសដល់ អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង