រដ្ឋបាលខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍កីឡា ផ្តល់ភាពសប្បាយរីករាយ ជូនភ្ញៀវទេសចរចូលទៅកម្សាន្ត នៅលើកោះរ៉ុង
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍កីឡា ដ៏មហោឡារិកមួយ នៅលើកោះរ៉ុង ប្រយោជន៍ដើម្បី ទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ឲ្យចូលទៅទស្សនា ឲ្យបានច្រើនថែមទៀត នៅលើកោះរ៉ុង ។ ព្រឹត្តិការណ៍កីឡានេះ បានរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៥ ។
ព្រឹត្តិការណ៍ ដែលរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើម របស់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ, រដ្ឋបាលក្រុងកោះរ៉ុង , មន្ទីរទេសចរណ៍ខេត្ត, សមាគមទេសចរណ៍ សហការជាមួយ សហព័ន្ធប្រដាល់គុនខ្មែរ ដោយមានការចូលរួមឧបត្ថម្ភសម្ភារៈ ថវិកាពីម្ចាស់អាជីវកម្មនានា នៅលើកោះរ៉ុង និងសប្បុរសជនជាច្រើនទៀត ។

តំណាងសមាគមន៍ទេសចរណ៍កោះរ៉ុង លោកបណ្ឌិត ចាន់ សំអាន បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡារយៈពេល ៣ថ្ងៃនេះ គឺរៀបចំឡើងក្នុងគោលបំណង ជំរុញលើកកម្ពស់យុទ្ធនាការ ទាក់ទាញទេសចរណ៍ ក្នុងរដូវកាលបៃតង សម្រាប់គោលដៅទេសចរណ៍ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក៏ដូចជាបង្កើតនូវ ព្រឹត្តិការណ៍កម្សាន្តសប្បាយៗ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានេះផងដែរ ។
ព្រឹត្តិការណ៍ខាងលើនេះ មានរៀបចំការប្រគុំតន្ត្រី និងសកម្មភាពកីឡាមួយចំនួន ដូចជា ៖
១៖ កីឡារត់ឧបសគ្គចម្ងាយ «២០០០ម៉ែត្រ» នៅឆ្នេរកោះរ៉ុង តាមបណ្តោយឆ្នេរពីចំណុច Hill Beach Resort ទៅបញ្ចប់នៅ Nest beach
២៖ កីឡាបាល់ទះលើឆ្នេរខ្សាច់ «នៅឆ្នេរកោះរ៉ុង»
៣៖ កីឡាអុំទូកកាយ៉ាក់ នៅសហគមន៍ព្រែកកោងកាង
៤៖ កីឡាប្រដាល់សេរីគុនខ្មែរគូអន្តរជាតិ
៥៖ ជិះកង់លេងកម្សាន្តក្រុងកោះរ៉ុង «១៥គីឡូម៉ែត្រ» ពីឆ្នេរកោះរ៉ុង ទៅឆ្នេរឡងប៊ីច ៕

























