អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភស្លាកសញ្ញាបង្ហាញទិស ជូនភ្ញៀវទេសចរ ធ្វើដំណើរទៅតំបន់កោះរ៉ុង កាន់តែងាយក្នុងការដើរកម្សាន្ត..
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC Import Export Co., Ltd.) បានជួយឧបត្ថម្ភថវិកា សម្រាប់ធ្វើស្លាកសញ្ញាបង្ហាញទិសទេសចរចំនួន ៤ទីតាំង ដើម្បីបង្ហាញផ្លូវដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្ត នៅលើកោះរ៉ុង ខេត្តព្រះសីហនុ។
ការឧបត្ថម្ភនេះ បានកើតឡើង ក្រោយពេល រដ្ឋបាលខេត្តព្រះសីហនុ និងផ្នែកពាក់ព័ន្ធ បានអភិវឌ្ឍផ្លូវលំថ្មីមួយខ្សែ មានប្រវែងជាង ៧គីឡូម៉ែត្រ ដោយតភ្ជាប់ពីឆ្នេរឋានសួគ៌ ឆ្ពោះទៅកាន់ វត្តព្រែកស្វាយ..។
ស្លាកសញ្ញាបង្ហាញទិសទេសចរ នៅលើតំបន់កោះរ៉ុងនេះ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី ១៧ ខែឧសភា បានចាត់ក្រុមការងារ របស់លោក ឲ្យចុះរៀបចំលើកស្លាកបង្ហាញទិសនេះ មានចំនួន ៤ទីតាំងរួចហើយ ក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្លាកបង្ហាញទិសទេសចរទាំង ៤កន្លែងនោះ គឺ ចាប់ពីកែងវត្តព្រែកស្វាយ តាមបណ្តោយផ្លូវស្ថាបនាថ្មី រហូតដល់ឆ្នេរឋានសួគ៌ នៃម៉ាហ្វីយ៉ា រីសត។ ហើយ គោលដៅទេសចរណ៍សំខាន់ៗ ទាំងនោះ រួមមាន៖ ទឹកធ្លាក់ព្រែកស្វាយ, រីហ្សតម៉ាហ្វីយ៉ា, វីឡាប្រណិតប៊ឺតណេស និងឆ្នេរឋានសួគ៌ ដែលជាឆ្នេរ ដ៏ប្រណិត មានខ្សាច់សក្បុះ ទឹកសមុទ្រថ្លាឆ្លុះ ដែលជាឆ្នេរ ដ៏ស៊ីវិល័យមួយ លាក់ខ្លួន តាមឆ្នេរហ៊ុមព័ទ្ធដោយព្រៃភ្នំធម្មជាតិ នៅលើតំបន់កោះរ៉ុង។
មន្ត្រីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងប៉ុន្មានខែដើមឆ្នាំ២០២៥នេះ ក្រោយ រដ្ឋបាលខេត្តព្រះសីហនុ បានស្ថាបនាផ្លូវថ្មីមួយខ្សែ រួចមក គេសង្កេតឃើញ ភ្ញៀទេសចរ ជាតិ-អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរ រស់នៅលើកោះរ៉ុង បានធ្វើដំណើរទៅកម្សាន្ត តាមឆ្នេរឋានសួគ៌ មានចំនួនច្រើនគួរឱ្យកត់សំគាល់..។ ហើយ តាមរយៈផ្លូវថ្មីនេះ ក៏ឃើញ មានការអភិវឌ្ឍ តម្លើងបង្គោលភ្លើង ដើម្បីតភ្ជាប់បណ្តាញអគ្គិសនី សម្រាប់បម្រើដល់សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិសេសជួយសម្រួលដល់ វិស័យទេសចរ នៅលើកោះរ៉ុងតែម្តង។
សូមបញ្ជាក់ថា តាមបណ្តោយឆ្នេរឋានសួគ៌ មានរីសតចំនួនពីរកន្លែង ក្នុងនោះ ម៉ាហ្វីយ៉ា រីសត (Mafiya’s Resort) គឺមាន អ្នកឧកញ៉ា ទៀ វិចិត្រ ជាម្ចាស់..។ ក្រៅពីប្រណិតភាព ឬភាពឥតខ្ចោះ នៃរីសតនេះ ម៉ាហ្វីយ៉ា ក៏មានកន្លែងដម្រាប់ចុះចត ឧទ្ធម្ភាគចក្រ ថែមទៀតផង។
ជាងនេះទៀត ភ្ញៀវទេសចរ ក៏អាចជិះកង់កម្សាន្ត នៅលើផ្លូវបេតុង តាមឆ្នេរសមុទ្រ , ជិះទូកកាយ៉ាក តាមដងព្រែកទឹកសាប , មុជទឹកទឹកមើលផ្កាថ្ម , ជិះទូកស្ទូចត្រី និងដើរកម្សាន្ត ក្នុងព្រៃធម្មជាតិ ជាដើម។ល។
អ្នកឧកញ៉ា ទៀ វិចិត្រ ក៏ជាម្ចាស់ក្រុមហ៊ុនអូប័រល្បឿនលឿនឈ្មោះថា ជី.ធី.វី.ស៊ី ( G.T.V.C Speedboat) ជាម្ចាស់ រីសតម៉ាហ្វីយ៉ា, រីសត វ៉នដឺឡេន , វីឡាប្រណិត ប៊ឺតណេស..។
ឆ្នេរម៉ាហ្វីយ៉ារីស៊ត (𝐌𝐚𝐟𝐢𝐲𝐚 𝐑𝐞𝐬𝐨𝐫𝐭 𝐁𝐞𝐚𝐜𝐡) គឺជាឆ្នេរ ដែលទើបទទួលបានជ័យលាភី «ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត» ចំណាត់ថ្នាក់កម្រិត «ល្អណាស់» ដែលផ្ដល់រង្វាន់ និងទទួលស្គាល់ដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ក្រោមអធិបតេយ្យភាពដ៏ខ្ពងខ្ពស់ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កាល់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។
គេហទំព័រ “កម្ពុជាថ្ងៃនេះ” ក៏ចង់រំលេច ឲ្យសាធារណៈជន ដឹងផងដែរថា ក្រុមហ៊ុនអូប័រល្បឿនលឿន G.T.V.C Speedboat នេះហើយ ដែលអ្នកឧកញ៉ា ទៀ វិចិត្រ តែងប្រើប្រាស់ជាមធ្យោបាយ សម្រាប់ជួយសង្គ្រោះជីវិត ប្រជាពលរដ្ឋ រស់នៅលើកោះរ៉ុង ពេលមានជំងឺឈឺស្កាត់, ស្ត្រីឈឺពោះគ្រប់ខែ ឬសម្រាលកូន , ភ្ញៀវទេសចរជាតិ-អន្តរជាតិ មានជំងឺ ឬជួបឧប្បទ្ទវហេតុផ្សេងៗនៅលើកោះ ជាពិសេស អ្នកនេសាទ ក៏ដូចជាអ្នកទេសចរ លិចទូក ឬអូរប័រកណ្តាលសមុទ្រ ជាដើម គឺអ្នកឧកញ៉ា ទៀ វិចិត្រ តែបញ្ជូនអូរប័រ របស់ក្រុមហ៊ុន GTVC ចេញជួយសង្គ្រោះ មិនគិតថា ពេលយប់ ឬពេលថ្ងៃនោះឡើយ៕